សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន និងលោក Woo Won-Shik

សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ូ វ៉ន់ស៊ីក បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគី ការវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្ម ការយោគយល់គ្នាលើការហោះហើរអំឡុងពេលកូវីដ-១៩ ការការពារសិទ្ធិនិងអត្ថប្រយោជន៍ពលករដែលកំពុងតែបំពេញការងារនៅកូរ៉េ ការជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ និង ការអភិវឌ្ឍ។

លោក អ៊ូ វ៉ន់ស៊ីក បានកោតសរសើរចំពោះសម្ដេចតេជោដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាពនិងការរីកចម្រើន  ព្រមទាំងអរគុណចំពោះសម្ដេចតេជោដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា។ លោកសង្ឃឹមថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហការរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយចំពោះទំនាក់ទំនងកម្ពុជានិងកូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ និងថ្លែងអំណរគុណចំពោះកូរ៉េដែលបានរួមចំណែកនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជាឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

សម្ដេចក៏បានអញ្ជើញលោក អ៊ូ វ៉ន់ស៊ីក បំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

你可能还喜欢

评论被关闭。