ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ ជាង ៣៦ ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៤

ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា (GDCE) ចេញ​ផ្សាយនៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ ២០២៤បានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ប៊ីលានដុល្លារអាម៉េរិក កើនឡើងជាង១៦,៥% បើប្រៀបធៀបរយៈពេលដូច​គ្នាកាល​ពីឆ្នាំ​មុន។

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ជាង ៣៦ ប៊ីលានដុល្លារអាម៉េរិក

ទិន្នន័យដដែលបង្ហាញថា ទំនិញនាំចេញមានទំហំទឹកប្រាក់ ១៧,៥៨ ប៊ីលានដុល្លារអាម៉េរិក កើន​ឡើង១៦,៧% ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៨,៩០ ប៊ី​លានដុល្លារអាម៉េរិក កើនឡើង១៦,២%។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការ​ចរ​ចា​​​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការធ្វើពិពិធកម្មមុខ​ទំនិញនាំចេញ​ឱ្យរក្សា​អាទិ​ភាព​ចំពោះទំនិញនាំចេញក្រៅពីកសិផលយើង មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រ​យានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និង ទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិត​ភាពនៃផលិតកម្ម។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់សារព័ត៌មានក្នុងស្រុកថា តម្រូវ​ការ​នៅអឺរ៉ុបនិងអាម៉េរិកបានធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន​។ ម្យ៉ាងទៀត ដោយ​សារ​តែរោងចក្រសហគ្រាសនៅក្នុងផ្នែកកម្មន្តសាលមួយចំនួនបាន​ផ្ទេរ​ពីការ​ផលិត​​តែ​សម្លៀក​បំពាក់​ទៅ​​លើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជា​​​នៅតែមាន​ឧត្តមានុភាព​នៅក្នុង​ការ​នាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង ក្នុងនោះរួមមានសម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​ពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និង ផលិតផល​ធ្វើ​​ពី​កៅស៊ូនិងគ្រឿងសង្ហារិមជាដើម៕

你可能还喜欢

评论被关闭。