ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន៖ វិស័យអប់រំភាសាចិន នៅកម្ពុជានាំមកនូវឱកាសអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រពុំធ្លាប់មាន
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា វិស័យអប់រំភាសាចិននៅកម្ពុជាបាននិងកំពុងតែនាំមកនូវឱកាសអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មានពីមុនមក បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ភាសាចិនចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋជាផ្លូវការនាពេលកន្លងមក។
លោក វ៉ាង វិនពីន បានថ្លែងបែបនេះនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយគ្រូជំនួយកម្ពុជាបង្រៀនភាសាចិននាឱកាសទិវារម្លឹកគុណគ្រូកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោកបានថ្លែងថា ចាប់ពីឆ្នាំ២០០៩មក ក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាគ្រូបង្រៀនភាសាចិនដល់កម្ពុជាមានចំនួនសរុបរាប់ពាន់នាក់ ដោយឡែកឆ្នាំនេះចិនបានចាត់បញ្ជូនគ្រូបង្រៀនភាសាចិនសរុបចំនួន ៣១៥ នាក់ ដែលនេះជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការផ្តល់ជំនួយនេះ។
លោក វ៉ាង វិនពីន មានប្រសាសន៍ទៀតថា ការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជាមានប្រវត្តិជាង ១ សតវត្សរ៍មកហើយ។ នៅក្នុងទសវត្សរ៍៩០នៃសតវត្សរ៍មុន ក្រោមការជួយទំនុកបម្រុងនិងគាំទ្រពីសំណាក់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានិងបញ្ញវន្តជាច្រើនទៀត វិស័យអប់រំភាសាចិនបានចាប់ផ្តើមមានវត្តមានឡើងវិញ។ ឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្សរ៍មក វិស័យអប់រំភាសាចិននៅកម្ពុជាទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមានសាលាភាសាចិនសរុប ៥៧ សាលានិងសិស្សជិត ៥ ម៉ឺននាក់កំពុងតែសិក្សា សិស្ស-និស្សិតកម្ពុជាកាន់តែច្រើនបានចាប់ផ្តើមរៀនភាសាចិន និងបានបណ្តុះបណ្តាលធនធានមនុស្សពីរភាសា ខ្មែរ-ចិនជាច្រើន ដោយបានចូលរួមជាវិភាគទានយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជានិងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ រាជរដ្ឋាភិបាលកម្ពុជាក៏បានចាប់ផ្តើមយកចិត្តទុកដាក់ការអប់រំផ្នែកភាសាចិន មិនត្រឹមតែផ្តល់នូវការគាំទ្រនិងជួយដល់សាលាបង្រៀនភាសាចិនប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តឱ្យសាលាភាសាចិនធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយសាលានៅមូលដ្ឋានទៀតផង។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ភាសាចិនចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋ ហើយបានចាប់ផ្តើមបង្កើតកម្មវិធីសិក្សាភាសាចិននៅសាលារដ្ឋចំនួន ២០ នៅក្នុងឆ្នាំ២០២៤នេះ ដែលនេះគឺជាការអភិវឌ្ឍថ្មីពុំធ្លាប់មានសម្រាប់វិស័យអប់រំភាសាចិននៅកម្ពុជា។
លោក វ៉ាង វិនពីន សង្ឃឹមថា គ្រូជំនួយកម្ពុជាទាំងអស់ខិតខំបង្ហាញស្នាដៃនិងឧត្តមានុភាពដែលខ្លួនមាន ចាប់យកឱកាសឱ្យបាន ដើម្បីក្លាយជាអ្នកផ្សព្វផ្សាយវប្បធម៌ចិន អ្នកបន្តវេនមិត្តភាពកម្ពុជា-ចិន និងជាកម្លាំងចលករសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ដើម្បីចូលរួមជាវិភាគទានថ្មីមួយក្នុងការជំរុញមិត្តភាពនិងការស្វែងយល់គ្នាទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ និង ការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានមានប្រសាសន៍ថា ការគោរពគ្រូនិងយកចិត្តទុកដាក់លើការអប់រំគឺជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ប្រជាជាតិចិន។ ក្រោយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជានិច្ចកាលផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអប់រំភាសាចិន មានភាពសកម្មក្នុងការជំរុញសាលាចិនគ្រប់ទីកន្លែងឱ្យបើកដំណើរការឡើងវិញ។ លោកបានឱ្យដឹងថា បច្ចុប្បន្ននេះសាលាបង្រៀនភាសាចិនក្រោមការគ្រប់គ្រងរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាសរុបមានចំនួន ៥៧ សាលា សិស្សជាង ៤ ម៉ឺននាក់ និង គ្រូបង្រៀនជាកូនខ្មែរប្រមាណ ១ ២០០ នាក់។
លោកបានថ្លែងអំណរគុណជាពិសេសចំពោះគ្រូបង្រៀនជនជាតិចិន ដែលការិយាល័យកិច្ចការចិនក្រៅប្រទេសនៃក្រុមប្រឹក្សារដ្ឋចិននិងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិន បានចាត់បញ្ជូនមកជួយលើវិស័យអប់រំភាសាចិននៅកម្ពុជា ដោយពួកគេបានចូលរួមដោះស្រាយបញ្ហាកង្វះខាតផ្នែកធនធានគ្រូបង្រៀនរបស់កម្ពុជាបានយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ទៀតថា ស្របពេលដែលទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ការអប់រំភាសាចិនបានក្លាយជាកម្មវិធីសិក្សាដ៏ពេញនិយមមួយនៅកម្ពុជា។ សិក្សាភាសាចិនមិនត្រឹមតែបន្តវេននិងផ្សព្វផ្សាយវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាមាគ៌ាដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួននិងសមត្ថភាពប្រកួតប្រជែងប្រទេសជាតិទៀតផង។
លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងក្នុងពិធីរម្លឹកគុណគ្រូនេះថា កម្ពុជា-ចិនមានទំនាក់ទំនងមិត្តភាពល្អជាយូរលង់ណាស់មកហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកិច្ចសហប្រតិបត្តិការវិស័យអប់រំ ក៏បានជួយជំរុញទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា គ្រូបង្រៀនមកពីប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្រៀនជំនាន់ក្រោយ ពួកគេមិនត្រឹមតែចែករម្លែកនិងផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងវប្បធម៌កម្ពុជា-ចិនផងដែរ។
នៅក្នុងកម្មវិធីរម្លឹកគុណគ្រូនេះ ក៏មានវត្តមានថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាច្រើនរូបចូលរួមផងដែរ រួមមានឧកញ៉ា តែ មាន អនុប្រធានអចិន្ត្រៃយ៍និងជាប្រធានការិយាល័យវប្បធម៌និងអប់រំ ឧកញ៉ា ជា សឿន និងឧកញ៉ា ថៃ វ៉ាន់ អនុប្រធានអចិន្ត្រៃយ៍ ឧកញ៉ា ឈរ ណារី អនុប្រធាន និង លោក សុក ហ៊ុយ អគ្គលេខាធិការជាដើម៕
评论被关闭。