ពាណិជ្ជកម្មទ្វេភាគីកម្ពុជា -ចិនសម្រេចបាន ជាង ១០ ប៊ីលានដុល្លារអាម៉េរិករយៈពេល ៨ ខែ

យោងតាមទិន្នន័យ​អគ្គនាយកដ្ឋាន​គយនិង​​​រដ្ឋាករ​កម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបាននូវទំហំទឹកប្រាក់ជាង ១០ ប៊ីលានដុល្លារអាម៉េរិក កើនឡើងពី ៨ ប៊ីលានដុល្លារអាម៉េរិកនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង២៤,៥%។

ទិន្នន័យនេះបញ្ជាក់ថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញ​រវាង​ប្រទេស​​​​​ទាំងពីរមានទឹកប្រាក់សរុប ១០,០៧ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,១៤ ប៊ីលានដុល្លារអាម៉េរិក និង​ទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៨,៩២ ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៤,៨%។ ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិនបានកើនឡើងដល់ជាង១០% ដែលស្មើនឹងទឹកប្រាក់ ៧,៧៧ ប៊ីលានដុល្លារអាម៉េរិក។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា ការនាំចូលពីប្រទេសចិនច្រើន ប៉ុន្តែផលិតកម្មចិនក៏មានច្រើននៅកម្ពុជា ដូចជារោងចក្រកាត់ដេរនិងរោងចក្រឧស្សាហកម្ម។ល។ ដែលទូរទាត់ទៅមិនទាន់មានឱនភាពខ្ពស់នោះទេ។ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាព​ពាណិជ្ជ​កម្មនៅតែបន្តកើតមាន ដោយសារនៅកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដោយសារតម្រូវការជាវត្ថុធាតុដើមនិងសម្ភារៈពីប្រទេសចិនមានតម្លៃថោកជាងគេបើប្រៀបធៀបជាមួយអាស៊ាន។ ក្រៅពីនេះ កសិផលហូបចុក ផ្លែឈើ និង គ្រឿងទេសរបស់ចិនក៏មានតម្លៃសមរម្យអាចទទួលយកបាន ដែលអាចឆ្លើយតបទៅនឹងកម្រិតជីវភាពប្រជាជនកម្ពុជា។ ដោយឡែក ទំនិញមកពីអាម៉េរិក អង់គ្លេស ជប៉ុន ឬកូរ៉េខាងត្បូង សុទ្ធតែមានតម្លៃថ្លៃ ដែលប្រជាជនកម្ពុជាមិនទាន់អាចមានលទ្ធភាពប្រើប្រានច្រើនទេ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តធ្វើពិពិធកម្មទីផ្សារតាម​រយៈការ​ចរ​ចា​​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) និងការធ្វើពិពិធកម្មមុខ​ទំនិញនាំចេញ​ឱ្យរក្សា​អាទិ​ភាព​ចំពោះទំនិញនាំចេញក្រៅពីកសិផលយើង មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រ​យានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និង ទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិត​ភាពនៃផលិតកម្ម៕

你可能还喜欢

评论被关闭。