ក្រុមហ៊ុន Visa នឹងសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យ ទេសចរណ៍នៅកម្ពុជា

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Visa បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ ក្រសួងទេសចរណ៍កម្ពុជា ដោយក្រុមហ៊ុន Visa​ នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលជំនាញឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករនិងអាជីវកម្មខ្នាតតូច និង ផ្តល់ជំនួយក្នុងការពន្លឿនការ​ផ្លាស់​ប្តូ​រទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។

លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា ក្រុមហ៊ុន Visa មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូសហការជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនទេសចរនៅកម្ពុជា។ ក្រុមហ៊ុន Visa ទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ដើម្បីរួមគ្នាអភិវឌ្ឍទេសចរណ៍ដែលជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន Visa ជាដៃគូសហការដ៏សំខាន់ក្នុងការជួយក្រសួងទេសចរណ៍កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Visa ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួលនិងជឿនលឿនសម្រាប់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុកក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ ដែលវានឹងជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍ដែលបានមកពីវិស័យទេសចរណ៍នឹងត្រូវបានបែងចែកយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងនឹងកសាងវិស័យទេសចរណ៍ដែលមានភាពធន់ នវានុវត្តន៍ និង បរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់តែអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់សហគមន៍និងអាជីវកម្មក្នុងតំបន់របស់យើងផងដែរ។​ កិច្ចសហការរបស់យើងមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ  តែវាបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ភាពរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។

ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយក្រុមប្រឹក្សាទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមកំណើនរបស់ពួកគេ។ នៅក្នុងឆ្នាំ២០២០​ ក្រុមហ៊ុន Visa និងក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ៣ ឆ្នាំលើការស្រាវជ្រាវនិងវិភាគរួមគ្នានិងភាពជាដៃគូទីផ្សារ។ ក្រុមហ៊ុន Visa ក៏​បាន​សហការ​ជាមួយអាជ្ញាធរទេសចរណ៍ថៃ​ក្នុង​ការ​បង្កើន​ការ​ទទួល​យក​ការ​ទូទាត់​តាមរយៈ​ឌីជីថល​ក្នុង​ទីក្រុង​បាងកកនិង​ទីក្រុង​ចំនួន​ប្រាំ​ផ្សេង​ទៀត​ ក្នុង​គោល​បំណង​ជំរុញការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ផងដែរ៕

你可能还喜欢

评论被关闭。