ចំណតផែកុងតឺន័របន្ថែមថ្មី បង្កើនសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ
ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកសម្ពោធន៍ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា
យោងតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះនឹងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ ម៉ឺន TEUs (Twenty-foot Equivalent Unit) ដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។
លោក ប៉េង ពោធិ៍នា បានលើកឡើងថា ចំណតផែកុងតឺន័របន្ថែមនេះត្រូវបានសាងសង់និងស្តារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ និងបំពាក់នូវមធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមានគ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QGC ចំនួន ២ គ្រឿងនិងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦ គ្រឿង រួមទាំងបានបំពាក់សម្ភារៈបរិក្ខារសំខាន់ៗផ្សេងទៀតដែលនឹងជួយ បង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះបានប្រមាណ ៤៥ ម៉ឺន TEUs ក្នុងមួយឆ្នាំ។
លោកបានបន្ថែមទៀតថា តាមការព្យាករណ៍ ចំណតផែកុងតឺន័រថ្មីនេះនឹងធ្វើឱ្យកំណើននៃនាវាចរ មានការកើនឡើងពី១៨%ទៅប្រមាណ៣៨%នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏នឹងកើនឡើងរហូតដល់៤៩,២៥%ផងដែរ។
ទិដ្ឋភាពចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបជន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ៣៧,៥ លានដុល្លារអាម៉េរិក ក្នុងនោះថវិកាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនប្រមាណ ១០ លានដុល្លារអាម៉េរិកនិងថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមាណ ២៧,៥ លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយពន្ធអាករផ្សេងៗ៕
评论被关闭。