សម្ដេច ហ៊ុន សែន៖ គោលការណ៍កុងសង់ស៊ីសនិងមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នាជាកត្តាធ្វើឱ្យផ្ទៃក្នុងអាស៊ានរឹងមាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា ផ្ទៃក្នុងអាស៊ានរឹងមាំ គឺដោយសារគោលការណ៍កុងសង់ស៊ីសនិងការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាពិសេសក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅកូរ៉េ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈសុន្ទរកថាពិសេសថ្លែងទៅកាន់វេទិកាចំណេះដឹងពិភពលោក ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន» សម្ដេចតេជោបានលើកឡើងថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការ​ពហុភាគីនិយមកម្រិតតំបន់ដែលធ្វើការផ្អែកលើកុងសង់ស៊ីស ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។

សម្ដេចតេជោបានគូសបញ្ជាក់ថា ការសម្រេចដោយកុងសង់ស៊ីសនិងការមិនជ្រៀតជ្រែកប្រទេសផងគ្នា គឺជាគោលការណ៍និងជាកត្តាចម្បងពីរសំខាន់ដែលញ៉ាំងឱ្យអាស៊ានអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត។ មួយវិញទៀត ប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូចឬធំ មានឬក្រ ហើយមានលទ្ធភាពពេញលេញក្នុងការចូលរួមកសាងសហគមន៍មួយដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា រយៈពេល ៦០ ​ឆ្នាំមក​នេះ ​អាស៊ាន​បាន​ជួប​បញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ ផ្ទុយទៅវិញគឺអាស៊ានឆ្ពោះទៅមុខជានិច្ចនិង​រឹង​មាំ​កាន់តែខ្លាំងឡើង ដោយប្រទេស​ជា​ច្រើន​ចង់​បាន​អាស៊ាន​ធ្វើ​ជាដៃគូ​ ចង់​ប្រើ​ប្រា​ស់​វេទិកា​ជា​ទៀងទាត់​របស់អាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈ​ភាព​អាស៊ាន និង អំណាច​កោះប្រជុំ​របស់​អាស៊ានដែល​មាន​ឥទ្ធិពល​ប្រមូល​ផ្តុំ​គ្រប់​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក។ ជាក់ស្តែង រហូតមកដល់ពេលនេះ មាន ៥៤ ប្រទេសហើយដែលបាន​ក្លាយ​ជា​ភាគី​សន្ធិ​សញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថាន​ទូត​ប្រចាំ​​តំបន់អាស៊ានរហូតដល់ ៩៥ សប្រទេសផងដែរ៕

你可能还喜欢

评论被关闭。