ក្រុមហ៊ុនចិនសិក្សាបោះទុនវិនិយោគគម្រោង ថាមពលកកើតឡើងវិញ នៅកម្ពុជា
ក្រុមហ៊ុនវិនិយោគចិន សិក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោង ថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់ ប្រតិបត្តិការ ផ្ទេរ (BOT) នៅកម្ពុជា។
នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សួនសុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបពិភាក្សាការងារជាមួយលោក ជូ ស៊ីនយៀន (Zhu Xinyuan) ប្រធានប្រតិបត្តិក្រុមហ៊ុន China Huadian Group (Cambodia) Investment និងគណៈប្រតិភូ។
លោក ជូ ស៊ីនយៀន បានលើកឡើងពីការសិក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញក្នុងទម្រង់ BOT នៅកម្ពុជា។
លោក សួន សុផល បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់និងអន្តរជាតិបាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង វាក៏ស្របទៅនឹងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៅកម្ពុជាផងដែរ។
លោកបានលើកទឹកចិត្តឱ្យសមភាគីបន្តធ្វើការជិតស្និទ្ធជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ សំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។
យោងតាមក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល កម្ពុជាមានថាមពលបៃតង៦២%នៅក្នុងបណ្ដាញអគ្គិសនីជាតិ ដែលនេះជាអត្រាខ្ពស់នៅក្នុងតំបន់អាស៊ាន៕
评论被关闭。