សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចនឹង ធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬ អង្គការចាត់តាំងខ្លះទៅជាក្រុមភេរវករ

កម្ពុជាអាចនឹងរៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះ ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ដើម្បីទប់ស្កាត់ចលនាជ្រុលនិយម ដែលនៅព្យាយាមប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា! នេះបើតាមការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបែបនេះថ្លែងបែបនេះពីប្រទេសកូរ៉េ ខណៈសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅខេត្តឃ្យុងសាងបុកដូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈបាឋកថាពិសេសស្ដីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា៖  ប្រហែលកម្ពុជាមានការចាំបាច់រៀបចំនូវច្បាប់ដាក់ក្រុមមនុស្សឬអង្គការចាត់តាំងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់យើងក៏នៅតែមាននៅឡើយ។ ដូច្នេះ ដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់

សម្តេចបានមានប្រសាសន៍ថា គម្រោងធ្វើច្បាប់ខាងលើនេះគឺដោយសារក្រុមបុគ្គលមួយចំនួនដែលប៉ុនប៉ងបំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់ពួកគេនៅឡើយ។

នាពេលកន្លងមក មានអ្នកខ្លះក៏បានលើកឡើងថា​ បើមានសន្តិភាពហើយ ចាំបាច់ប្រឹងប្រែងនិយាយពីសន្តិភាពធ្វើអ្វី។ ត្រង់ចំណុចនេះ សម្ដេចតេជោបានចោទសួរត្រឡប់ទៅវិញថា តើហេតុអ្វីបានជាសហរដ្ឋអាម៉េរិកនិងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយ នៅខិតខំរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗ ដើម្បីអ្វីទៅ? ប្រាកដណាស់ គឺដើម្បីការពារសន្តិភាព។ ដូច្នេះ មិនចម្លែកទេដែលកម្ពុជាត្រូវនិយាយពីសន្តិភាព​និងការការពារសន្តិភាព។

សម្ដេចតេជោបានគូសបញ្ជាក់ថា សង្គ្រាមពិតជាងាយនឹងបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាម កម្ពុជាត្រូវការរយៈពេលជិត ៣០ ឆ្នាំ ហើយមកដល់ពេលនេះកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ ឆ្នាំប៉ុណ្ណោះ តែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន។ កម្ពុជាមិនត្រូវការសន្ដិភាពត្រឹមតែ ២៦ ឆ្នាំនេះទេ ប៉ុន្ដែកម្ពុជាត្រូវការសន្ដិភាពជារៀងរហូត។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគប្បីយល់ឱ្យបានច្បាស់អំពីគុណតម្លៃសន្តិភាពនិងចូលរួមថែរក្សាសន្តិភាពប្រកបដោយបុរេសកម្ម ពីព្រោះនៅពេលដែលគ្មានសន្តិភាព កុំនិយាយពាក្យថាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ការអភិវឌ្ឍឡើយ៕

你可能还喜欢

评论被关闭。