វេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត៖ លេបគ្រាប់បំពេញរាជ្យចូលពោះ អាចធ្វើឱ្យមនុស្សស្លាប់បាន

វេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការដាស់តឿនប្រជាពលរដ្ឋ ដែលចូលចិត្តហូបផ្លែបំពេញរាជ្យឬផ្លែឈើណាដែលមានគ្រាប់ធំៗ សូមកុំលេបគ្រាប់វាចូលក្នុងពោះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។

ផ្លែបំពេញរាជ្យ

មន្ទីរពេទ្យកាល់ម៉ែតបានធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ថា ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យមិនអាចត្រូវបានរំលាយឬកិនបំបែកដោយទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ ដូច្នេះ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។ ជាមួយគ្នានេះ ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស គឺរំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀន ដែលធ្វើឱ្យមនុស្សមានអាការៈឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬ ក្អួតជាដើម។ បង្កឱ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ ហើយក៏បង្កឱ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់ផងដែរ។

គ្រាប់ផ្លែបំពេញរាជ្យ

ជាមួយគ្នានេះ ផលវិបាកធ្ងន់ធ្ងរនៃការលេបគ្រាប់បំពេញរាជ្យចូលពោះ គឺគ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំដែលនៅលាយឡំនឹងលាមកក្ដៀន បង្កឱ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឱ្យអ្នកជំងឺមិនអាចបន្ទោរបង់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។ មិនតែប៉ុណ្ណោះ គ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឱ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឱ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយ៉ាវរបស់អ្នកជំងឺ ធ្វើឱ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

ការលេបគ្រាប់ផ្លែបំពេញរាជ្យអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ

វេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើមនុស្សដែលមានវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។ មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។ មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែមនិងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។ មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឱ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទនិងជំងឺផ្លូវចិត្ត)។

វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យ៖ ក្នុងករណីហូបគ្រាប់ផ្លែបំពេញរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឱ្យបានបន្ទោរបង់គ្រាប់បំពេញរាជ្យទាំងនោះចេញមកវិញ។ ប៉ុន្តែ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យនិងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត។

គ្រាប់ផ្លែបំពេញរាជ្យដែលលេបចូលក្នុងពោះអាចបង្កគ្រោះថ្នាក់ដល់ជីវិត

លោកវេជ្ជបណ្ឌិតបានដាស់តឿនបន្ថែមចំពោះការទទួលទានផ្លែឈើដែលមានគ្រាប់ធំៗ ជាពិសេសគ្រាប់ដែលមានសភាពរឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពុំគួរការលេបគ្រាប់នោះចូលទៅក្នុងពោះឡើយ ជៀសវាងមានផលវិបាកទៅលើប្រព័ន្ធរំលាយអាហារ ជួនកាលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាយកថាហេតុ៕

你可能还喜欢

评论被关闭。