លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺជូនពលរដ្ឋនៅក្រុងរុនតាឯក
ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សរុបចំនួន ៩ ២២៤ ករណី ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង ខណៈនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូនិងរោគស្រ្តី ជំងឺបេះដូង ពិនិត្យជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើរស្បែក ជំងឺត្រចៀក ច្រមុះ បំពងក ថតកាំរស្មី ពិនិត្យឈាម និង បញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុបចំនួន ៩ ២២៤ ករណី ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន ៥៨ នាក់។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្រៅពីការពិនិត្យនិងព្យាបាលជំងឺ លោកជំទាវបណ្ឌិតក៏បានចែកកាបូបស្ពាយដល់សិស្សានុសិស្សមួយចំនួនផងដែរ៕
评论被关闭。