សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពេទ្យតិចមានគុណភាព ប្រសើរជាងពេទ្យច្រើនតែគ្មានគុណភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញក្រសួងសុខាភិបាលឱ្យបន្តពង្រឹងគុណភាពវិស័យសុខាភិបាល ទាំងពេទ្យរដ្ឋនិងពេទ្យឯកជន ជាពិសេសពង្រឹងលក្ខខណ្ឌនិងស្ដង់ដាវិជ្ជាជីវៈគ្រូពេទ្យ ដើម្បីទទួលបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់និងប្រកបដោយគុណភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនាឱកាសធ្វើជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ​ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចមានប្រសាសន៍ថា ការបន្តពង្រឹងគុណភាពបណ្តុះបណ្តាលផ្នែកសុខាភិបាលទាំងជំនាញរឹង និងទន់ គឺជារឿងសំខាន់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាដល់សុខភាពនិងអាយុជីវិតប្រជាជន។ ក្រសួងត្រូវបន្តពង្រឹងលក្ខខណ្ឌប្រឡងសម្រាប់និស្សិតពេទ្យ ដើម្បីទទួលបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

បើទោះបីជាមានការលើកយោបល់ថា បច្ចុប្បន្នកម្ពុជាកំពុងតែខ្វះធនធានគ្រូពេទ្យ ក្រសួងសុខាភិបាលឬស្ថាប័នពាក់ព័ន្ធគួរតែបន្ធូរបន្ថយលក្ខខណ្ឌនៃការបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យមានការតឹងរ៉ឹងពេក ប៉ុន្តែសម្តេចធិបតីមិនឯកភាពចំពោះការលើកឡើងនេះទេ។ សម្តេចលើកឡើងថា លក្ខខណ្ឌចំពោះពេទ្យត្រូវតែតឹងរ៉ឹង កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវតែដំឡើងកម្រិតមនុស្សឱ្យខំប្រឹង ឱ្យជួបកម្រិតខ្ពស់ល្អជាង។ ពេទ្យមិនមែនគណនេយ្យទេ គណនេយ្យធ្វើខុសអាចកែបញ្ជីបាន តែពេទ្យចេញមកត្រូវទទួលភារកិច្ចព្យាបាលជំងឺស្រាលត្រូវឱ្យជា កុំឱ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ត្រូវជួយឱ្យស្រាលឬរស់។

ទោះបីជាមានការវិវឌ្ឍជាលំដាប់ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព រួមទាំងអគារ សម្ភារៈនិងបរិក្ខារ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក៏ដោយ ក៏វិស័យសុខាភិបាលកម្ពុជានៅតែត្រូវការធនធានមនុស្សបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ យើងត្រូវពង្រឹងអភិក្រម គុណភាពពេទ្យម្នាក់អាចតំណាងឱ្យពេទ្យរាប់ម៉ឺននាក់ក្នុងប្រទេស ព្រោះបើមានបញ្ហានៅគ្លីនិកមួយ គេលើកយកមកផ្សព្វផ្សាយដោយវាយប្រហារទាំងគ្រូពេទ្យផ្សេងៗទៀត ដូច្នេះយើងត្រូវបង្កើនសមត្ថភាពក្នុងការព្យាបាលប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលគ្រូពេទ្យត្រូវធានាគុណភាព ព្រោះគុណភាពមិនមែនត្រឹមតែធានានូវអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាជាកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់វិស័យសុខាភិបាលទាំងមូល ហើយដើម្បីធ្វើឱ្យវិស័យនេះមានការរីកចម្រើនទាល់តែមានការជឿជាក់និងទំនុកចិត្តពីប្រជាជនរបស់ខ្លួន។ ពេទ្យតិចប្រកបដោយគុណភាព ប្រសើរជាងពេទ្យច្រើនតែគ្មានគុណភាព។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា នៅដើមឆ្នាំ២០២៤ក្រសួងបានប្រើឧបករណ៍វាយតម្លៃទៅលើគុណភាពនៃការបម្រើសេវានៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ដោយទទួលបានលទ្ធផលល្អប្រសើរ។

ស្របពេលដែលវិស័យសុខាភិបាលមានការរីកចម្រើន ប្រជាជនកម្ពុជាកាន់តែច្រើនបានងាកមកទទួលសេវាព្យាបាលក្នុងស្រុក ជាជាងស្វែងរកការព្យាបាលនៅក្រៅប្រទេស។

លោក ឈាង រ៉ា បានថ្លែងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា” កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះថា ប្រជាជនខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ មានជាង ២០ ម៉ឺនទៅ ២៥ ម៉ឺននាក់ ស្របពេលដែលអ្នកព្យាបាលក្នុងប្រទេសមានជិត ១៤ លាននាក់ មានន័យថាអ្នកដែលទៅព្យាបាលនៅក្រៅប្រទេសមានតែ១.៥%ប៉ុណ្ណោះ៕

你可能还喜欢

评论被关闭。