ក្រសួងការបរទេសកម្ពុជា ធ្វើការបំភ្លឺពាក់ព័ន្ធ នឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ
ប្រទេសស៊ុយអែតបានធ្វើការសម្រេច និងប្រកាសអំពីការបិទ ការិយាល័យស្ថានទូតរបស់ខ្លួន ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ហើយការប្រកាសបិទការិយាល័យស្ថានទូតនេះបានធ្វើឱ្យមានការលើកឡើងនូវមតិ ក៏ដូចជាការយល់ឃើញខុសៗគ្នាពីមជ្ឈដ្ឋានខាងក្រៅ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺថា កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែតបានជូនដំណឹង ក្រសួងការបរទេសកម្ពុជាអំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និង សន្តិសុខនៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ដោយឡែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីបំភ្លឺបន្ថែមមួយទៀតលើសេចក្តីបំភ្លឺចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា៖
- តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកនឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញនឹងនៅតែបើកទ្វារ ដើម្បីបន្តផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។
- ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ការបើក ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទូរគីក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាបក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញសម្រាប់បម្រើឱ្យគោលដៅនយោបាយ៕
评论被关闭。