រដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្ត ៦៥៣ គ្រឿងសម្រាប់ដឹកពលរដ្ឋ ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូន សាធារណៈរយៈពេល ៥ ថ្ងៃ (៣០ កញ្ញាដល់ ៤ តុលា ២០២៤) “ជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-នយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ការរៀបចំរថយន្ត ៦៥៣ គ្រឿងនេះ គឺអនុវត្តតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានកំណត់ថា៖ ១- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។
២- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនិងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧ គ្រឿង។
ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
កាលវិភាគនិងគោលដៅ ទីតាំងនៃការប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌ ៣០ កញ្ញា-៤ តុលា ២០២៤
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាថ្ងៃកាន់បិណ្ឌ ១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរតាំងពីបុរាណកាលមក។ ពិធីកាន់បិណ្ឌប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ (១៨ កញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ (១ តុលា) ឆ្នាំ២០២៤៕
评论被关闭。