លោក ស៊ុន ចាន់ថុល គ្រោងធ្វើទស្សនកិច្ច លើកទី២នៅអឺរ៉ុប ដើម្បីបន្តគោះទ្វារវិនិយោគិន
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហើបឱ្យដឹងថា CDC គ្រោងនឹងរៀបចំទស្សនកិច្ចដើម្បីទៅគោះទ្វារវិនិយោគិននៅសហភាពអឺរ៉ុបជាលើកទី២នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាចូលរួមផងដែរ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ CDC បានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអឺរ៉ុបជាដើម។ CDC នឹងរៀបចំទស្សនកិច្ចទៅកាន់សហភាពអឺរ៉ុបម្តងទៀតដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។
លោក ហ្សាក់ ប៉ឺឡេ បានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ CDC ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ទៅកាន់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបនឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត។
ក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាដែលសម្របសម្រួលដោយ CDC និងសហភាពអឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។
កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនមកពីអឺរ៉ុប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ ធានាដល់ការតាមដាននិងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព៕
评论被关闭。