កម្ពុជាសម្រេចផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច

រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច តាមរយៈការបោះឆ្នោតដោយសមាជិក-សមាជិការដ្ឋសភា។

សមាជិក-សមាជិការដ្ឋសភាលើកដៃអនុម័តការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងទេសចរណ៍និងក្រសួងអធិការកិច្ច

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំពេញអង្គវិសាមញ្ញ នីតិកាលទី៧ ដែលដឹកនាំកិច្ចប្រជុំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភាសរុប ១០៦ រូប ព្រមទាំងមានវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត

លោក ហួត ហាក់ និងលោក សុខ សូកេន

សមាជិក-សមាជិការដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងដល់លោក ហួត ហាក់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។

គួររម្លឹកថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលពេលនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ទើបតែចូលកាន់តួនាទីបាន ១៣ ខែ (ជាង ១ ឆ្នាំ) ប៉ុណ្ណោះ (ខែសីហា ឆ្នាំ២០២៣-ខែកញ្ញា ឆ្នាំ២០២៤) ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

你可能还喜欢

评论被关闭。