ឆ្នាំ២០២៥ ប្រាក់ខែអប្បបរមា សម្រាប់កម្មកររោងចក្រ ឡើងដល់ ២០៨ ដុល្លារ

ចាប់ពីខែមករា ឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រ នឹងឡើងដល់ ២០៨ ដុល្លារអាម៉េរិកក្នុង១ខែ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ភាគីពាក់ព័ន្ធបានឯកភាពគ្នាជាឯកច្ឆន្ទលើប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៥

កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកចុងក្រោយ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២៥។ ឆ្លងកាត់ការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១ សំឡេងបានគាំទ្រតួលេខ ២០៦ ដុល្លារ កំណត់ជាប្រាក់ឈ្នួលអប្បបរមា។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារលើតួលេខ ២០៦ ដុល្លារដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០២៥ គឺ ២០៨ ដុល្លារក្នុង ១ ខែ កើនឡើង ៤ ដុល្លារបើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ ដុល្លារ។

សម្ដេចធិបតីបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់កម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថតរូបជាមួយកម្មការិនីរោងចក្រនាពេលកន្លងមក

សម្ដេចធិបតីបានអះអាងថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និង សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រក្នុងឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់កម្មករនិយោជិត។

សម្ដេចធិបតីបានបន្ថែមថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាម៉េរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ បែរជាថយទាបជាងចុងឆ្នាំ២០២៣ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបញ្ចប់ដោយជោគជ័យ

សម្ដេចធិបតីក៏បានធានាជូនកម្មករនិយោជិត និងសាធារណជនថា សម្ដេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និង ដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្ដេចក៏បានអរគុណនិងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងកម្មករនិយោជិតនិងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ:និងស្មារតីរួម ហើយក៏បានអរគុណដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះដោយជោគជ័យ៕

你可能还喜欢

评论被关闭。