កម្ពុជាសម្រេចបញ្ចប់ការចូលរួម តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤តទៅ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ចប់ការចូលរួម CLV-DTA គឺធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការអំពីការបញ្ចប់ការចូលរួម CLV-DTA នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា CLV-DTA ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំមកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង ខេត្តរតនគិរី។ ប៉ុន្តែកន្លងទៅនេះ ក្រុមជ្រុលនិយមបានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់និងវាយប្រហារចំពោះរាជរដ្ឋាភិបាលដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជន ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំ ដូចជាការចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះក៏បានប្រើរឿងនេះដើម្បីញុះញង់និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ប៉ុន្តែជារបៀបធ្វើការរបស់សម្តេចគឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
សម្តេចតេជោបានបន្ថែមថា ដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដីនិងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួម CLV-DTA ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាមនិងឡាវរួចហើយដែរ។
ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសនិងប្រទេស ជាមួយអាស៊ាន CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ACMECS (យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី ទន្លេចៅផ្រាយ៉ា និង ទន្លេមេគង្គ) GMS (មហាអនុតំបន់ទន្លេមេគង្គ) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ចំណែកហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដូចគ្នាពីការបញ្ចប់ការចូលរួម CLV-DTA ផងដែរ។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនដែលប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍព្រំដែននេះ ទាំងការអភិវឌ្ឍដោយខ្លួនឯង ការអភិវឌ្ឍជាកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីឬភាគីពាក់ព័ន្ធ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយនូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជាផងដែរ៕
评论被关闭。