ក្រុមហ៊ុន NextBold Capital ត្រៀមទុន ១០០ លានដុល្លារវិនិយោគនៅកម្ពុជា វៀតណាម និង ឡាវ

ក្រុមហ៊ុន NextBold Capital បានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា នឹងបង្កើតមូលនិធិប្រមូលទុន ១០០ លានដុល្លារអាម៉េរិកដើម្បីធ្វើការវិនិយោគគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅប្រទេសកម្ពុជា វៀតណាម និង ឡាវ។

សហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍ

ការលើកពីគម្រោងវិនិយោគ ១០០ លានដុល្លារនេះ គឺដោយសារក្រុមហ៊ុន NextBold Capital បានសម្លឹងឃើញអំពីសក្តានុពលវិនិយោគនិងការអភិវឌ្ឍនៃសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា វៀតណាម និង ប្រទេសឡាវ ដែលជាទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស​នៃសេដ្ឋកិច្ច។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុននេះបានលើកឡើងថា គម្រោងវិនិយោគនេះគ្របដណ្តប់លើការកំណត់គោលដៅសហគ្រាសធុនតូចនិងមធ្យមនៅតាមទីក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា វៀតណាម និង ឡាវ ដែលជាទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល វប្បធម៌សហគ្រិនដ៏រឹងមាំ និង ការកើនឡើងនៃការវិនិយោគពីបរទេស។

សម្រាប់មូលនិធិចំនួន ១០០ លានដុល្លារនេះ នឹងវិនិយោគលើវិស័យ​អប់រំ ការថែទាំសុខភាព ទំនិញប្រើប្រាស់ និង សេវាកម្ម ដែលពួកគេមើលឃើញឱកាសសម្រាប់ការផ្លាស់ប្តូរអភិបាលកិច្ចនិងការបង្កើនតម្លៃបន្ថែម។

លោក Sjoerd Zwinkels សហនាយកគ្រប់គ្រងនៃក្រុមហ៊ុន NextBold Capital បានថ្លែងថា ​ទីផ្សារ​នៃប្រទេសទាំងបី​នេះមិនទាន់​ទទួល​បាននូវការចាប់អារម្មណ៍ខ្លាំងពី​វិនិយោគិន​ពិភពលោកនោះទេ ជាពិសេស​ទៅលើ​ទំហំ​នៃសហគ្រាស​ធុន​តូចនិង​មធ្យម​។ យើងមើលឃើញសក្ដានុពលដ៏ធំសម្បើមសម្រាប់ការបង្កើនតម្លៃបន្ថែមដោយការនាំយកនូវប្រភពទុននិងការគាំទ្រផ្នែកប្រតិបត្តិការ។

សម្រាប់មូលនិធិ ១០០ ​លានដុល្លារដំបូងរបស់ NextBold Capital ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញកំណើនសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅទូទាំងអាស៊ីអាគ្នេយ៍។

សហគ្រាសធុនតូចនិងមធ្យមកម្ពុជាកំពុងត្រូវការដៃគូវិនិយោគនិងអភិវឌ្ឍ

​លោក Pedro Baliza សហដៃគូគ្រប់គ្រងក៏បាននិយាយថា ការវិនិយោគដំបូងរបស់យើងគឺផ្តោតលើក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះអាជីវកម្មរឹងមាំនៅក្នុងទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដែលយើងមើលឃើញពីសក្តានុពលច្បាស់លាស់សម្រាប់ការគ្រប់គ្រងវិស័យជាមួយនឹងការគាំទ្រប្រតិបត្តិការដ៏ត្រឹមត្រូវ។ យើងកំពុងមើលឃើញពីសន្ទុះដ៏អស្ចារ្យពីកំណើននៃអាជីវកម្មលក្ខណៈគ្រួសារនិងសហវិនិយោគិនផ្សេងទៀត ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកប្រយោជន៍ពីឱកាសរីកចម្រើនដ៏ធំធេងនាពេលខាងមុខ។

សូមបញ្ជាក់ថា NextBold Capital គឺជាក្រុមហ៊ុនវិនិយោគឯកជនដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រុមហ៊ុននេះផ្តោតជាសំខាន់លើការរីកលូតលាស់របស់សហគ្រាសធុនតូចនិងមធ្យមនៅទូទាំងអាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគទុននិងការគាំទ្រប្រតិបត្តិការ៕

你可能还喜欢

评论被关闭。