ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសចិនរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមស្មារតីចំណងមិត្តភាពនិងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជូនដំណើរសម្តេច ឃួន​ សុដារី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

គណៈប្រតិភូរដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនិងក្រុងសៀងហៃ។ តាមគម្រោង ប្រធានរដ្ឋសភាកម្ពុជានឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ចាវ ឡឹជី និងជួបសម្តែងការគួរសមជាមួយលោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងលោក ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងការជូនដំណើរសម្តេច ឃួន សុដារី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ៕

你可能还喜欢

评论被关闭。