លោក ហួត ហាក់ ប្ដេជ្ញារួមគ្នាជាធ្លុងមួយ ជាមួយភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលទើបចូលកាន់តំណែង លោក ហួត ហាក់ បានប្ដេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើនដើម្បីប្រយោជន៍ជាតិ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី លោក ហួត ហាក់
យោងតាមសារលិខិតរបស់លោក ហួត ហាក់ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកចំណេះដឹង ជំនាញ និង បទពិសោធដែលបានរៀនសូត្រនិងចូលរួមអនុវត្តការងារអស់រយៈពេលជាង ៣០ ឆ្នាំក្នុងអាជីពជាមន្ត្រីរាជការមកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែកជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័ននានា វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ប្រមូលផ្តុំជាកម្លាំងសាមគ្គីដ៏រឹងមាំ រួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនផលិតភាព ភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និង បរិយាបន្ន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ឆ្ពោះទៅសម្រេចឱ្យបានកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ហួត ហាក់ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
គួររម្លឹកថា បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ១ ថ្ងៃ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដែលដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA។ CATA មានក្រុមហ៊ុនជាសមាជិកប្រមាណ ៤០០ ក្រុមហ៊ុន ដើម្បីជជែកគ្នាអំពីបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិនិងវប្បធម៌ ព្រោះកម្ពុជាសម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ។
លោក ហួត ហាក់ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
លោក ហូត ហាក់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CATA ក្នុងការប្តេជ្ញានិងចូលរួមចំណែកជួយជំរុញវិស័យទេសចរណ៍កន្លងមក។ លោកសង្ឃឹមជឿជាក់ថា CATA នឹងនៅតែបន្តចូលរួមចំណែកគាំទ្រនិងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។
លោក ហួត ហាក់ ក៏បានបញ្ជាក់ផងដែរថា រាល់កង្វល់នានា បញ្ហាប្រឈម និង សំណូមពរដែល CATA បានលើកឡើង លោកនឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែមក្នុងក្របខណ្ឌក្រសួង អន្តរក្រសួង ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និង ទាន់ពេលវេលា។
លោក ហួត ហាក់ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា
លោក ហួត ហាក់ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំនួសលោក សុខ សូកេន ដែលត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕
评论被关闭。