ព្រះមហាក្សត្រ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

វិមានរដ្ឋធម្មនុញ្ញកម្ពុជាបានបើសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើន។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូល អំពាវនាវប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាធិប្រកាន់យកជានិច្ចនូវស្មារតី ខ្មែររួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ ​ឆ្នាំដែលប្រជាជាតិយើងកំពុងប្រារព្វព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើង។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ “សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុងឧត្តមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា​និងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស”។

ព្រះករុណាមានព្រះរាជបន្ទូលបញ្ជាក់ថា ជាសច្ចៈធម៌មិនអាចប្រកែកបានរយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដោយមាននយោបាយ “ឈ្នះឈ្នះ” ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសប់ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើឱ្យសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតីថ្លៃថ្លា និង អរិយធម៌អង្គរដ៏បវរ។

ព្រះករុណា មានព្រះបន្ធូលដោយធ្វើការកត់សម្គាល់ថា អស់រយៈពេលច្រើនឆ្នាំមកនេះ កម្ពុជាបានកសាងប្រទេសជាតិទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិបានឈានឡើង រីកចម្រើន លូតលាស់ សម្បូររុងរឿងដូចបច្ចុប្បន្ន។

វិមានរដ្ឋធម្មនុញ្ញជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិ។ វិមាននេះចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានសម្ពោធនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ វិមាននេះមានទីតាំងនៅខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ សាងសង់ឡើងពីសំរឹទ្ធ ស្ពាន់ និង ថ្មភក់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសាងសង់ដោយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនី​យ​កម្ម និង សំណង់ និងលោក តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ៕

你可能还喜欢

评论被关闭。