កម្ពុជាទទួលបានហិរញ្ញប្បទាន ៨០ លានដុល្លារពីធនាគារពិភពលោកសម្រាប់ការអភិវឌ្ឍវិស័យអប់រំ STEM
ធនាគារពិភពលោក (WB) បានអនុម័តនូវ ហិរញ្ញប្បទាន ៨០ លានដុល្លារអាម៉េរិក សម្រាប់ជួយកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនិងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកអប់រំ STEM រួមមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តមូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោកសម្រាប់បណ្តាប្រទេសមានចំណូលទាប។
ធនាគារពិភពលោកបានបញ្ជាក់ថា សម្រាប់គម្រោងដែលមានរយៈពេល ៦ ឆ្នាំនេះនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៩ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានាសម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ នឹងមាននិស្សិតប្រហែល ៣២ ០០០ នាក់ (និស្សិតនារីប្រហែល ១៣ ០០០ នាក់) ទទួលបានអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមានការកែសម្រួលកម្មវិធីសិក្សាថ្មី ការបណ្តុះបណ្តាលគ្រូឧទ្ទេស និង ការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។
ធនាគារពិភពលោកបានគូសបញ្ជាក់បន្ថែមថា គម្រោងនេះនឹងកសាងបន្ថែមលើភាពជោគជ័យនិងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨ ០០០ នាក់នៅកម្ពុជា ដែលក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន៥៣ និង ការបង្កើតឬជួសជុលបន្ទប់ពិសោធន៍ចំនួន១៤៧៕
评论被关闭。