ធនាគារអភិវឌ្ឍន៍អាស៊ី៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននៅកម្រិត៥,៨%សម្រាប់ឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននៅកម្រិត ៥,៨% ក្នុងឆ្នាំ២០២៤ ដែលនេះបានឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃតម្លៃម្ហូបអាហារនិង ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។

ទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី​ (ADO) ក៏បានចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានកាត់បន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី ២% មក ០,៥% សម្រាប់ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥។

​ ADB បានលើកឡើងថា ការបន្ទាបការព្យាករអតិផរណា គឺបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្លៃទំនិញនិងសេវាទាក់ទងនឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃតម្លៃជីដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈមមុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានលើកឡើងថា ​ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និង ទំនិញធ្វើដំណើរ កំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្មនិងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងជួយជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកស្រីមានប្រសាសន៍ថា ជារួម កម្លាំងចលករទាំងនេះកំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

របាយការណ៍ ADB បានបង្ហាញថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និង ផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កំណើនការនាំចេញផលិតផលកម្មន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំនៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ២០២៤ និង ១,៣% ក្នុងឆ្នាំ២០២៥ រីឯវិស័យសេវាកម្មនឹងកើនឡើង ៥,៤% នៅឆ្នាំ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំនៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុបបានកើនដល់ ៩៤,៨% នៃកម្រិតមុនមានជំងឺរាតត្បាតក្នុងឆមាសទី១ ឆ្នាំ២០១៩។

លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២ ប៊ីលានដុល្លារអាម៉េរិកក្នុងឆមាសទី១ ឆ្នាំ២០២៤ ពី ២,១ ប៊ីលានដុល្លារក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ លំហូរវិនិយោគនេះត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរវិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគារ។

ADB ក៏បានលើកឡើងផងដែរថា ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗ ដូចជាប្រទេសចិន អឺរ៉ុប និង សហរដ្ឋអាម៉េរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈសកលនិងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកត្តាអាកាសធាតុមិនអំណោយផល៕

你可能还喜欢

评论被关闭。