ក្រុមហ៊ុនកម្ពុជា និងអាម៉េរិក សហការគ្នា វិនិយោគរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Amru Rice (Cambodia) របស់កម្ពុជានិងក្រុមហ៊ុន Stabil Nutrition, LLC របស់អាម៉េរិក បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) និងលោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន Stabil Nutrition, LLC ជាហត្ថលេខី។

តាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុស្សារណៈខាងលើនេះនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគតលើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រនិងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួររម្លឹកដែរថា នេះគឺជាអនុស្សារណៈទី២ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មទាក់ទាញនិងជំរុញវិនិយោគរបស់លោកនៅសហរដ្ឋអាម៉េរិកលើកនេះ បន្ទាប់ពីការចុះអនុស្សារណៈយោគយល់ទី១គឺរវាងសហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុន Otis McAllister Inc អាម៉េរិកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。