ពន្លាជាតិកម្ពុជាពិព័រណ៍ចិន-អាស៊ានលើកទី២១នៅចិនបើកសម្ពោធជាផ្លូវការ
ពន្លាជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីងខេត្តក្វាងស៊ីប្រទេសចិន បានបើកសម្ពោធជាផ្លូវការនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ។
គួររម្លឹកថា ពិព័រណ៍ចិន-អាស៊ានលើកទី២១ប្រារព្ធឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ហើយពិធីបើកផ្លូវការបានធ្វើឡើងនៅថ្ងៃទី២៤ ក្នុងនោះមានការចុះហត្ថលេខាលើគម្រោងចំនួន១០៩ ពាក់ព័ន្ធនឹងឧស្សាហកម្មបង្កើតថ្មីជាលក្ខណៈយុទ្ធសាស្ត្រ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ ម៉ែត្រក្រឡា ដោយជ្រើសរើសខេត្តសៀមរាបជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វិនិយោគ។ ក្នុងនោះ នៅពន្លាជាតិកម្ពុជាក៏មានដាក់តាំងផលិតផលសក្តានុពលមួយចំនួន រួមមានគ្រាប់ល្ង សណ្តែកក្រហម សណ្តែកខ្មៅ អំបិល គ្រាប់ស្វាយចន្ទី សណ្តែកខៀវ ម្រេចកំពត អង្ករផ្កាម្លិះ ស្ករត្នោតកំពង់ស្ពឺជាដើម៕
评论被关闭。