ចិនមកសិក្សាឈ្វេងយល់​ពីអត្ថប្រយោជន៍ និងការអនុវត្តរបបសន្តិសុខសង្គមកម្ពុជា

ប្រទេសចិនបានចាប់អារម្មណ៍ លើរបបសន្តិសុខសង្គម របស់កម្ពុជា ហើយបានចាត់តាំងគណៈប្រតិភូមកសិក្សាឈ្វេងយល់អំពីអត្ថប្រយោជន៍និងការអនុវត្តរបបសន្តិសុខសង្គមកម្ពុជា។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ទូ ហួរជា (Du Huajie) ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​ធនធាន​មនុស្ស​ខេត្ត​យូ​ណានប្រទេសចិន បានដឹកនាំគណៈប្រតិភូចិនជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​អត្ថប្រយោជន៍និង​ការ​អនុវត្ត​របប​សន្តិសុខ​សង្គមនៅកម្ពុជា ព្រមទាំង​ការ​ផ្ដល់​សេវា​របស់ ប​.​ស​.​ស ដោយ​ផ្ទាល់ រួមមាន​សេវា​ចុះ​បញ្ជីកានិង​តាវកាលិកដល់​សមាជិក ប​.​ស​.​ស។

នៅក្នុងជំនួបនោះ លោក ហេង សុផាន់ណារិទ្ធ បាន​លើក​ឡើង​អំពី​សាបាន​របស់ ប​.​ស​.​ស រួមមាន​ ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ការ​អនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន ផ្នែក​និកម្មភាព​ការងារ ដោយ​គ្របដណ្ដប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ស្ថិត​ក្រោម​បទប្បញ្ញត្តិនៃ​ច្បាប់ស្ដីពី​ការងារ ដោយ​រួម​បញ្ចូល​បុគ្គលិក​ធ្វើការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុង​ផ្ទះនិង​បុគ្គល​ស្វ័យ​និយោជន៍ សំដៅ​ធានា​ប្រសិទ្ធភាព និរន្តរភាព និង សង្គតិ​ភាព ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​នៅ​កម្ពុជាស្របតាម​បរិបទនៃ​ប្រទេស​នីមួយៗនៅ​ក្នុង​តំបន់និង​ពិភពលោក។

លោកបាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន ប​.​ស​.​ស កំពុង​សិក្សា​ពង្រីក​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម​ដល់​ប្រជាជន​គោលដៅ​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

លោក ទូ ហួរជា មានប្រសាសន៍ថា ​ដំណើរ​ទស្សនកិច្ចលើកនេះ​ជា​ជំហាន​ឆ្ពោះ​ទៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គភាព​ទាំងពីរ ដើម្បី​ចែករំលែកនិង​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅវិញទៅមក។

បន្ទាប់ពី​ជំនួប​ទ្វេភាគីរួច គណៈប្រតិភូ​ចិនបាន​បន្ត​ចុះមើលនិងស្វែងយល់​ពី​ការ​ផ្តល់​សេវា​របស់ ប​.​ស​.​ស (​សេវា​ចុះ​បញ្ជិកា និង​សេវា​តាវកាលិក​) និង​មជ្ឈមណ្ឌល​ឆ្លើយតបនិង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដោយ​ផ្ទាល់នៅ​ស្នាក់ការ​កណ្ដាល ប​.​ស​.​ស រាជធានី​ភ្នំពេញ៕

你可能还喜欢

评论被关闭。