ក្រុមហ៊ុនចិន​ចាប់​អារម្មណ៍​​ ការបង្កើត​រោងចក្រ​ កែច្នៃផលិតផល​កសិកម្ម​នៅ​កម្ពុជា​ដើម្បីនាំចេញ

ក្រុមហ៊ុនចិន​បានបង្ហាញពី​សុទិដ្ឋិនិយម​អំពីសក្តានុពល​និង​ឱកាសវិនិយោគ​នៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដោយមានការចាប់អារម្មណ៍ខ្លាំង​ក្នុងការវិនិយោគ​បង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារចិន។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន Sichuan Pan-Asia Investmentមកពីខេត្តស៊ីឈួន (Sichuan)ប្រទេសចិន ដែលបានមកបំពេញទស្សនកិច្ចនិងស្វែងយល់ឱកាស​វិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុក Santana Agro Product ដោយផ្ដើមចេញពីការសិក្សាស្វែងយល់ឱកាស​វិនិយោគនូវប្រភេទ​ដំណាំសក្តានុពល ឈានដល់ការផ្គត់ផ្គង់កសិផលឬផលិតផល​កសិកម្មកែច្នៃទៅទីផ្សារប្រទេសចិន។

តាមការបញ្ជាក់របស់គណៈប្រតិភូចិន បច្ចុប្បន្ននេះ ក្រុមហ៊ុន Sichuan Pan-Asia Investment បាននិងកំពុងវិនិយោគ​វិស័យ​កសិកម្ម (ដំណាំដំឡូងមី) នៅប្រទេសឡាវ និងបានបង្កើត​សួន​​​​​​ឧស្សាហកម្ម​​ចំនួនមួយកន្លែងនៅក្នុងប្រទេសឡាវ និងមានក្រុមហ៊ុន​បុត្រ​សម្ព័ន្ធនៅប្រទេសថៃ ឈ្មោះ Pan-asia Investment ដែលវិនិយោគ​លើ​ការ​កែច្នៃម្សៅដំឡូងមី។

បន្ទាប់ពីជំនួបការងារ គណៈប្រតិភូបានថ្លែងឱ្យដឹងថា នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគ​លើការកែច្នៃស្វាយចន្ទី ម្រេច និង ដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងសិក្សាពីលទ្ធភាពបង្កើតសួនឧស្សាហកម្មនៅតំបន់ជិតផ្លូវរថភ្លើង ព្រមទាំងលទ្ធភាពបង្កើតរោងចក្រផលិតជីនិងថ្នាំកសិកម្មនៅកម្ពុជាផងដែរ៕

你可能还喜欢

评论被关闭。