កម្ពុជានិងកូរ៉េ ចុះហត្ថលេខាសិក្សាលម្អិត បច្ចេកទេសដំណើរការសាងសង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានចុះហត្ថលេខាកិច្ចសន្យាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation ដើម្បីសិក្សាលម្អិតបច្ចេកទេសរៀបចំឯកសារប្លង់លម្អិតនិងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
ពិធីចុះហត្ថលេខានេះធ្វើឡើងដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។ ក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសធ្វើការសិក្សាលម្អិតលើបច្ចេកទេស ការរៀបចំឯកសារ និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ ត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយមុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់នាពេលខាងមុខ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វា និងជ្រោយចង្វា-អរិយក្សត្រ) នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វា និងខ្សែទី២តភ្ជាប់ពីជ្រោយចង្វាឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។ គម្រោងនេះនឹងចំណាយទឹកប្រាក់ប្រមាណ ២៤៥ លានដុល្លារអាម៉េរិក។
គំរូនៃគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះគ្រោងបើកការដ្ឋាងសាងសង់នៅខែមិថុនា ឆ្នាំ២០២៥។ រដ្ឋាភិបាលកម្ពុជានិងកូរ៉េបានដាក់ក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជានិងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា កិច្ចសហប្រតិបតិ្តការទ្វេភាគីដ៏រឹងមាំនេះនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និង អភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕
评论被关闭。