សម្តេច ហ៊ុន សែន ផ្ញើលិខិតជូនលោក ស៊ី ជីនភីង អបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនលោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានាធិបតីចិន ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩ – ១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

តាងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក ស៊ី ជីនភីង និងតាមរយៈលោកជូនចំពោះមន្ត្រី សមាជិកគណបក្សកុម្មុយនិស្តចិន និង ប្រជាជនចិនទាំងអស់ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានការអភិវឌ្ឍគួរជាទីពេញចិត្តលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏រឹងមាំរបស់លោក ស៊ី ជីនភីង។

សម្តេចក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយផងដែរ ដែលបានមើលឃើញផ្ទាល់ភ្នែកនូវមិត្តភាពដែកថែបរវាងកម្ពុជានិងចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក៏ដូចជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងក្របខណ្ឌពហុភាគី ដែលបានរីកចម្រើនពីភាពរឹងមាំមួយទៅរកភាពរឹងមាំមួយថ្មីទៀត។

សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនភីង (រូបភាពឯកសារ)

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រទេសទាំងពីរបន្ថែមទៀតនិងកសាងសហគមន៍ជោគវាសនារួម ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាការជំរុញគោលដៅដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនិងវិបុលភាពសម្រាប់តំបន់និងពិភពលោកទាំងមូល។

ប្រទេសចិនប្រារព្ធខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា រៀងរាល់ឆ្នាំ៕

你可能还喜欢

评论被关闭。