កម្ពុជាចុះអនុស្សារណៈយោគយល់ សម្រួលការនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន
សមាគមត្រចៀកកាំខ្មែរ បានចុះអនុស្សារណៈយោគយល់ជាមួយ រដ្ឋបាលគយចិននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅសម្រួលការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន។
អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិននៅចុងឆ្នាំ២០២៤ ដែលនេះជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលរបស់កម្ពុជា បន្ទាប់ពីភាគីចិនបានអនុញ្ញាតនាំចូលនូវផលិផលកសិកម្មកម្ពុជាមួយចំនួនរួចទៅហើយ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងថា បច្ចុប្បន្ននេះចិនមិនទាន់អនុញ្ញាតឱ្យនាំចូលសម្បុកត្រចៀកកាំពីកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែសមាគមត្រចៀកកាំខ្មែរបានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិនរួចហើយ ដើម្បីសម្របសម្រួលការនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិននាពេលខាងមុខ។ ការនាំចេញសម្បុកត្រចៀកកាំទៅទីផ្សារចិននឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅដំណាច់ឆ្នាំ២០២៤។
លោក ស៊ុយ កុកធាន បញ្ជាក់ថា សម្រាប់តម្លៃសម្បុកត្រចៀកកាំដែលប្រមូលទិញ មិនទាន់ដឹងថា ប៉ុន្មាននោះទេ ប៉ុន្តែលោកបញ្ជាក់ថា តម្លៃសម្បុកត្រចៀកកាំដែលកែច្នៃហើយនៅទីផ្សារចិនមានតម្លៃខ្ពស់ គឺចាប់ពី ១៧០០ ដុល្លារអាម៉េរិកដល់ជាង ២០០០ ដុល្លារអាម៉េរិកក្នុង ១ គីឡូក្រាម។
នាពេលកន្លងមក ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជាភាគច្រើនគឺផលិតនៅខេត្តកោះកុង ខេត្តកំពតជាដើម ដែលជាតំបន់ជាប់មាត់សមុទ្រ។ ប៉ុន្តែដោយសារខេត្តជាប់មាត់សមុទ្រមានការសាងសង់ច្រើនលើសលប់ ដូច្នេះការវិនិយោគលើផលិតកម្មសម្បុកត្រចៀកកាំនាពេលបច្ចុប្បន្ននេះ បានប្ដូរទិសដៅទៅតំបន់ភូមិភាគកណ្ដាលវិញ រួមមានបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារជាដើម។
តាមការប៉ាន់ស្មាន កម្ពុជាផលិតបានសម្បុកត្រចៀកកាំប្រមាណ ១០០ តោនក្នុង ១ ឆ្នាំ ហើយផលិតផលទាំងនេះត្រូវបានកែច្នៃក្នុងស្រុកនិងនាំចេញទៅកាន់ប្រទេសជិតខាងដែលមានអាជ្ញាបណ្ណនាំចេញទៅប្រទេសចិន៕
评论被关闭。