សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលថវិកាគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនពីសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាប្រគល់ថវិកាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់ថវិកាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាចូលជួបសម្តែងការគួរសមនិងប្រគល់ថវិកាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចំនួន ៣១១ ៧៧៤,៧៨ ដុល្លារអាម៉េរិកនិង ៤៧៩ ២៥២ ៨៩៥ រៀល (ប្រមាណ ១២ ម៉ឺនដុល្លារអាម៉េរិក) សរុបជាង ៤៣ ម៉ឺនដុល្លារជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលថវិកានេះទទួលបានមកពីសប្បុរសជនសរុបចំនួន ៧៤ ១៥៣ នាក់ចូលរួមបរិច្ចាគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះវិស័យឯកជន ក៏ដូចជាសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលតែងមានភាពជឿជាក់និងទំនុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតីក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និង ការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញនិងអំណោយផលសម្រាប់វិនិយោគិន។
គួររម្លឹកថា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានផ្តួចផ្តើមកម្មវិធីបរិច្ចាគថវិកានាអំឡុងខែសីហា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជា។ កម្មវិធីនេះទទួលបានការគាំទ្រនិងចូលរួមយ៉ាងសកម្មពីបណ្តាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមចិននានានៅកម្ពុជា ដោយពួកគេបានចូលរួមគាំទ្រតាមរយៈសកម្មភាពជាក់ស្តែងចំពោះគម្រោងអភិវឌ្ឍនិងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់លិខិតថ្លែងអំណរគុណជូនលោកអ្នកឧកញ៉ា ពុង ឃាវសែ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបានរួមចំណែកការអភិវឌ្ឍតាមព្រំដែន ជាពិសេសកសាងផ្លូវក្រវាត់ព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ៧០ ម៉ឺននាក់ហើយដែលបានចូលរួមបរិច្ចាគថវិកាទ្រទ្រង់ដល់មូលនិធិនេះ ជាមួយថវិកាសរុបប្រមាណ ២១ លានដុល្លារអាម៉េរិក។ សម្តេចក៏បានប្រកាសបញ្ចប់ទទួលការចូលរួមរបស់ប្រជាពលរដ្ឋនៅខែតុលាខាងមុខនេះ។
នៅចុងបញ្ចប់នៃកម្មវិធី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាតាមរយៈលោកអ្នកឧកញ៉ា ពុង ឃាវសែ ផងដែរ៕
评论被关闭。