សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាពិនិត្យលទ្ធភាពវិនិយោគនៅតាមព្រំដែន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ការលើកឡើងនេះបានធ្វើឡើងនាឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលថវិកាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» និងសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាដែលដឹកនាំដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

នៅក្នុងជំនួបនេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន នឹងបន្តអភិវឌ្ឍបន្ថែមទៀតដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់និងផ្លូវក្រវាត់ព្រំដែន ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដីពិតប្រាកដតាមរយៈកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះវិស័យឯកជន ក៏ដូចជាសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលតែងមានភាពជឿជាក់និងទំនុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញនិងអំណោយផលសម្រាប់វិនិយោគិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាឱ្យពិនិត្យលទ្ធភាពថែមទៀតក្នុងការបណ្តាក់ទុនវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាពិសេសខេត្តភាគឦសាន រួមមានខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង ខេត្តរតនគិរី៕

你可能还喜欢

评论被关闭。