ស្ថានទូតចិនប្រចាំកម្ពុជា អបអរសាទរខួប លើកទី ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩-១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោក វ៉ាង វិនពីន ថ្លែងសុន្ទរកថា

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជាបានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យនៅក្នុងពិធីនេះ។

លោក វ៉ាង វិនពីន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលចិនសម្រេចបានក្រោយពេលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង និងស្មារតីនៃសម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុនិស្តលើកទី២០។
លោកមានប្រសាសន៍ថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជាដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។

លោក ហ៊ុន ម៉ានី ថ្លែងសុន្ទរកថា

លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញនិងរក្សាសន្តិភាពនិងការអភិវឌ្ឍសម្រាប់ពិភពលោកនិងតំបន់។

លោកមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិនដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជានិងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និង ការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។

លោក វ៉ាង វិនពីន និងលោក ហ៊ុន ម៉ានី

តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍និងការឧបត្ថម្ភនានាលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ វិស័យដឹកជញ្ជូន ថាមពល និង កសិកម្មជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងប្រវត្តិសាស្ត្រ ជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានកសាងឡើងក្រោមចក្ខុវិស័យយ៉ាងច្បាស់លាស់និងមានយន្តការកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសទាំងពីរ នឹងបន្តរួមសហការគ្នា កសាងមិត្តភាព ភាពជាដៃគូដែលមិនអាចបំបែកបាន ដើម្បីការអភិវឌ្ឍប្រកបដោយសន្តិភាព រួមគ្នាកសាងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បន្តឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននាថ្ងៃអនាគត។

លោក ហ៊ុន ម៉ានី ក៏បានអបអរសាទរចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពររដ្ឋាភិបាលនិងប្រជាជនចិនទទួលបានជោគជ័យកាន់តែត្រចះត្រចង់ បន្តមានភាពរីកចម្រើននិងវិបុលភាព។

ភ្ញៀវកិត្តិយសក្នុងកម្មវិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (រូបភាពពីហ្វេសប៊ុក Hun Many)

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប្រាក់ សុខុន អនុប្រធានទី១នៃព្រឹទ្ធសភា, លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និង លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និង អ្នកមុខអ្នកការជាច្រើនទៀតសរុបប្រមាណជិត ១០០០ នាក់បានមានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ៕

你可能还喜欢

评论被关闭。