កម្ពុជាបង្ហាញពីសក្តានុពល និងឱកាសវិនិយោគ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១
កម្ពុជាបានបង្ហាញពីឱកាសវិនិយោគ ដែលប្រកបដោយសក្តានុពល ទៅកាន់វិនិយោគិន និងធុរជនចិន និងអាស៊ាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ នៅក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
តាមរយៈកិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនិងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍កម្ពុជា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចែករំលែកពីសក្តានុពលវិនិយោគនៅកម្ពុជា ដោយបានគូសរំលេចពីសក្តានុពលរបស់កម្ពុជា វិស័យអាទិភាព ភាពបើកចំហ ការផ្តល់ការលើកទឹកចិត្ត និង ការការពារវិនិយោគ និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ ព្រមទាំងបានរំលេចបន្ថែមពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន ក៏ដូចជាកម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន ដែលបានបង្កលក្ខណៈប្រសើរបន្ថែមទៀតដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និង វិនិយោគ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
វិនិយោគិននិងធុរជនចិននិងអាស៊ានបានបង្ហាញពីចំណាប់អារម្មណ៍ជាច្រើនពីការមានបំណងធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្ម (កម្មន្តសាល) កសិកម្មនិងការកែច្នៃ តំបន់សេដ្ឋកិច្ចពិសេស ថាមពលស្អាត ទេសចរណ៍ និង អចលនទ្រព្យ តាមរយៈការលើកឡើងនូវសំណួរជាច្រើននិងការឆ្លើយតបទៅវិញនូវរាល់ចម្ងល់នានា និងអំពីយន្តការបន្តសម្រាប់ការផ្តល់នូវព័ត៌មានបន្ថែមទៀតដល់វិនិយោគិន៕
评论被关闭。