Cambodia e-arrival មានអ្នកប្រើប្រាស់និងទាញយកកម្មវិធីសរុបជាង ៦០ ម៉ឺននាក់
ក្រោយពេលដាក់ឱ្យដំណើរការជាផ្លូវការ បានរយៈពេល ១ ខែ (១ កញ្ញា ២០២៤ដល់ ៣០ កញ្ញា ២០២៤) ប្រព័ន្ធ Cambodia e-arrival មានអ្នកចូលទៅប្រើនិងទាញយកកម្មវិធីសរុបជាង ៦០ ម៉ឺននាក់ ក្នុងនោះអ្នកប្រើប្រាស់ជាង ៤២ ម៉ឺននាក់និងអ្នកទាញយកកម្មវិធីជាង ២២ ម៉ឺននាក់។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤មក។
ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជាឬហៅថា Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បានដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣របស់កម្ពុជាកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើជាង ៤០ ម៉ឺននាក់ ក៏មានអ្នកទាញយកកម្មវិធី Cambodia e-arrival ជាង ២២ ម៉ឺននាក់ផងដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និងប្រព័ន្ធគេហទំព័រ (Website)។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុកប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាលដែលបានរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថលដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទរបស់ពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។
ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចេញ-ចូលប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័សប្រកបដោយភាពងាយស្រួល ដោយអ្នកដំណើរដែលចូលកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និង ទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរជាការស្រេច។
សាធារណជនឬអ្នកដំណើរជាតិនិងអន្តរជាតិអាចចូលបំពេញបាន ៧ ថ្ងៃមុនថ្ងៃចេញដំណើរ អាចប្រើបាន ៧ ភាសា អាចបំពេញ ២ ទម្រង់ គឺតាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite ក្រសួងមហាផ្ទៃ៕
评论被关闭。