សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាព ខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិដោយសុវត្ថិភាពនិងជោគជ័យ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា  កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍ Gumball 3000 ដែលទើបតែរៀបចំបានយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងពីសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិរបស់កម្ពុជា

ការអះអាងនេះបានធ្វើឡើងនាឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាពកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

លោកអ្នកឧកញ៉ា លាង ឃុន បានជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ ហើយត្រូវបានគណៈប្រតិភូនេះចាត់ទុកថា កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ Gumball 3000 ឆ្នាំ២០២៤ ដែលបានរៀបចំធ្វើនៅកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាននិងបណ្ដាញទំនាក់ទំនងសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១ ប៊ីលាននាក់ ហើយតួលេខនេះនឹងបន្តកើនឡើងថែមទៀត។

ព្រឹត្តិការណ៍នេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការងារមនុស្សធម៌នៅកម្ពុជាផងដែរ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ ម៉ឺនដុល្លារអាម៉េរិក។

លោកអ្នកឧកញ៉ា លាង ឃុន ប្រគល់ថវិកាសប្បុរសធម៌ Gumball 3000 សរុប ៤៥ ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធដែលធ្វើឱ្យព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាទទួលបានជោគជ័យ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣ សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរនិងវប្បធម៌សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ (២) ទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាពនិងជោគជ័យ តាមរយៈការធានាបានូវសុខសុវត្ថិភាពនិងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនានានិងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏ដូចជាវិស័យឯកជននានា បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕

你可能还喜欢

评论被关闭。