គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាអាត្លង់ទិក

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិកដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិក ធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក។

នៅក្នុងជំនួបជាមួយក្រុមប្រឹក្សាអាត្លង់ទិក (The Atlantic Council of United States) ដែលដឹកនាំដោយលោក Frederick Kempe ប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា លោក ស៊ុន ចាន់ថុល បានគូសរំលេចអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីអាម៉េរិកមកកម្ពុជា។ អាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយស្របតាមទឡ្ហីករណ៍នេះចំពោះកិច្ចការងារវិនិយោគ កម្ពុជាលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន បានខិតខំរិះរកវិធីសាស្រ្តនានា ដើម្បីធានានូវប្រសិទ្ធភាពនៃតួអង្គរដ្ឋនិងឯកជន ដោយរក្សាបាននូវការអនុវត្តស្របច្បាប់និងមានភាពបត់បែនដល់វិនិយោគិន មានជាអាទិ៍ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការបន្តអនុវត្តកិច្ចសន្ទនាដៃគូរវាងរដ្ឋនិងឯកជនជាដើម។

លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជានិងជាប្រធាននិងស្ថាបនិកសាលាពាណិជ្ជកម្ម CamEd Cambodia ក៏បានលើកឡើងអំពីភាពវិជ្ជមានក្នុងកិច្ចការងារវិនិយោគឯកជន ដោយហេតុថាកម្ពុជាបានអនុញ្ញាតជូនវិនិយោគិនបរទេសទាំងអស់អាចក្លាយជាម្ចាស់កម្មសិទ្ធទាំងស្រុង១០០%នៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើកលែងកម្មសិទ្ធដីធ្លី ពិសេសការទទួលបានការលើកទឹកចិត្តទៅតាមគម្រោងវិនិយោគផ្សេងៗ គឺដូចៗគ្នាដល់គ្រប់វិនិយោគិនទាំងកម្ពុជានិងបរទេស។

ជាការឆ្លើយតបលោក Frederick Kempe បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំរបស់លោក ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មនាឱកាសនេះ។

តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់នឹងខិតខំបន្ថែមទៀតក្នុងការចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមានជាអាទិ៍បច្ចេកវិទ្យាទូរគមនាគមន៍និងចំណីអាហារជាដើម៕

你可能还喜欢

评论被关闭。