កម្ពុជា-ចិនពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ទេសចរណ៍កម្ពុជា

កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា។

ជំនួបនេះផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងគុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូលនិងបង្កើតឱកាសការងារនៅក្នុងវិស័យទេសចរណ៍ដែលជាគន្លឹះអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា លោក ហួត ហាក់ បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងទំនាក់ទំនងការទូតកម្ពុជា-ចិនដែលមានរយៈពេល ៦៦ ឆ្នាំ ជាមិត្តភាពដែកថែបនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍សមធម៌ ការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ការគោរពអធិបតេយ្យនិងឯករាជ្យភាពដើម្បីផលប្រយោជន៍រួម។

លោក ហួត ហាក់ បានលើកឡើងថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើននិងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការ លើកទឹកចិត្តជាច្រើនដល់វិស័យឯកជនជាពិសេសលើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង ៥៤ ម៉ឺននាក់។ ដោយឡែក រយៈពេល ៨ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង២២,៥% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជិត ៥៤ ម៉ឺននាក់ កើនឡើង៤៧.៧%។

ជំនួបទ្វេភាគីរវាងលោក ហួត ហាក់ និងលោក វ៉ាង វិនពីន ទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖

១. ស្ថានទូតចិននឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងក្របខណ្ឌឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន រួមមានពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia- China Gastronomy Week) នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប វេទិកាទេសចរណ៍និងវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិននៅថ្ងៃទី២៨-៣០ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Mart) នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិន។

២. ស្ថានទូតចិនឯកភាពជួយជំរុញការចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជានិងក្រសួងវប្បធម៌និងទេសចរណ៍ចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។

៣. ស្ថានទូតចិនឯកភាពសហការជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់រវាងបណ្តាខេត្តនិងទីក្រុងធំៗរបស់ប្រទេសចិនមកប្រទេសកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើងនិងទៀងទាត់ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេសនិងអ្នកទេសចរផងដែរ។

៤. ស្ថានទូតចិនឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់ប្រទេសកម្ពុជា។

៥. ស្ថានទូតចិនឯកភាពពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមរយៈការផ្តល់ការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកម្ពុជាឬនៅប្រទេសចិន។

៦. ភាគីទាំងពីរបានឯកភាពចាត់តាំងជនបង្គោលដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍កម្ពុជានិងស្ថានទូតចិន ព្រមទាំងផ្នែកឯកជនចិននិងកម្ពុជាក្នុងវិស័យទេសចរណ៍។

៧. ឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំបន្តបន្ទាប់៕

你可能还喜欢

评论被关闭。