កម្ពុជាគ្រោងយកគំរូនៃគម្រោង «ភូមិ ១៥ នាទី» នៅទីក្រុងប៉ារី សមកអនុវត្តសាកល្បងនៅភ្នំពេញ
កម្ពុជាមានបំណងយកគំរូនៃគម្រោង ភូមិ ១៥ នាទី របស់ទីក្រុងប៉ារីស ប្រទេសបារាំង មកអនុវត្តសាកល្បងនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជំនួបរវាងលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញនិងលោកស្រី Anne HIDALGO អភិបាលក្រុងប៉ារីស
ក្នុងឱកាសជំនួបទ្វេភាគីជាមួយលោកស្រី អានណេ ហ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នៅទីក្រុងប៉ារីស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើសុំលោកស្រី អានណេ ហ៊ីដាល់ហ្គោយកគំរូនៃគម្រោង «ភូមិ១៥នាទី» នៅសង្កាត់ទី១៥នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ ១៥ នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ មកសាកល្បងអភិវឌ្ឍនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅនិងអាចមានសេវាគ្រប់គ្រាន់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើង។
បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍនិងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួន រួមមានបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាបរិស្ថាន ព្រមទាំងលើកឡើងអំពីដំណោះស្រាយពាក់ព័ន្ធ។
លោកស្រីអភិបាលក្រុងប៉ារីសបានបង្ហាញពីគម្រោង «ភូមិ ១៥ នាទី» នៅសង្កាត់ទី១៥នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ ១៥ នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ និង កន្លែងវប្បធម៌ផ្សេងៗ។
ជារួមភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុងនិងទាំងក្នុងក្របខណ្ឌសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឱ្យកាន់តែប្រសើរឡើង។
លោក ឃួង ស្រេង បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញទៅចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃ AIMF នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤៕
评论被关闭。