រាជរដ្ឋាភិបាល៖ កម្ពុជានឹងដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម

ព្រះរាជាណាចក្រកម្ពុជា នឹងដង្ហែអង្គកឋិនទានទៅកាន់ វត្តខ្មែរក្រោមនាឱកាសកឋិនកាលដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម។ គណៈកម្មការនេះមានភារកិច្ចដឹកនាំ ចាត់តាំង និង រៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនានិងពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទានឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានានិងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។

ជាមួយគ្នានេះ រដ្ឋាភិបាល បានប្រគល់សិទ្ធិឱ្យគណៈកម្មការនេះ អញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំ តាមការចាំបាច់ និងមានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រីសម្រាប់ដំណើរការការងាររបស់ខ្លួន។ គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការនិងប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមប្រព្រឹត្តទៅស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

យោងតាមសេចក្តីសម្រេចខាងលើ សមាសភាពគណៈកម្មការដែលត្រូវទទួលភារកិច្ចរៀបចំអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោមសរុបចំនួន ២២ នាក់ ក្នុងនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន (ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ) ជាប្រធាន លោក ឈិន កេតនា (អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ) ជាអនុប្រធានអចិន្ត្រៃយ៍ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា (រដ្ឋមន្ត្រីក្រសួងវប្បធម៌) លោក ចាយ បូរិន (រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា) លោក នេត្រ ភក្ត្រា (រដ្ឋមន្ត្រីក្រសួងព័ត៌មាន) ជាអនុប្រធា​ន។ ចំណែក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាលនិងតាកែវ មន្ត្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានអង្គរក្ស និងមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថសរុប ១៧ នាក់ជាសមាជិក។

ដោយឡែក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបើកកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម និងបានសម្រេចបង្កើតអនុគណ:កម្មការមួយចំនួនចំណុះឱ្យគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយបានផ្តាំផ្ញើដល់លោក លោកស្រីដែលជាសមាជិក សមាជិកាទាំងក្នុងគណ:កម្មការនិងអនុគណ:កម្មការត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឱ្យអង្គកឋិនទាននេះដំណើរការទៅបានដោយរលូននិងទទួលបានជោគជ័យស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

សម្តេច ម៉ែន សំអន បើកកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម

បុណ្យកឋិនធ្វើបានតែម្ដងគត់ក្នុងមួយឆ្នាំសម្រាប់វត្ដមួយ និងត្រូវធ្វើតាមពេលកំណត់ដោយមិនមានមុននិងក្រោយឡើយ។ សម្រាប់ឆ្នាំ២០២៤នេះ កឋិនទាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。