គ្រោះថ្នាក់លើផ្លូវល្បឿនលឿន ភាគច្រើនកើតឡើង ដោយសារការបើកបរលើសល្បឿនកំណត់និងការធ្វេសប្រហែស
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងលើផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់និងការធ្វេសប្រហែសរបស់អ្នកបើកបរផ្ទាល់។
លោកបានឱ្យដឹងថា ការបើកបរលើសល្បឿនកម្រិតកំណត់និងការធ្វេសប្រហែសមិនគោរពតាមការណែនាំពីរបៀបបើកបរ គឺជាបញ្ហាចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ហើយនៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកបើកបរខ្លួនឯងទេ ថែមទាំងបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនទៀតផង។
ជាក់ស្ដែងកាលពីម៉ោង ៣ និង ៣៨ នាទីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវល្បឿនលឿន ដែលបង្កដោយរថយន្តម៉ាក ESCALADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CE-0567 បើកបរដោយបុរសជនជាតិចិនឈ្មោះ XIONG YONGZHOU អាយុ ៣២ ឆ្នាំ ធ្វើដំណើរក្នុងទិសដៅពីព្រះសីហនុទៅភ្នំពេញ ដោយបានបើកបរក្នុងល្បឿនលឿនក្នុងពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងត្រង់ចំណុចផ្លូវកោង នៅចំណុចគីឡូម៉ែត្រ K141+700 ភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តនេះបានរអិលជ្រុលចង្កូតបុករនាំងការពារទ្រូងផ្លូវ ហើយខ្ទាតចូលចំណែកផ្លូវក្នុងទិសដៅភ្នំពេញទៅព្រះសីហនុ បុកពេញទំហឹងនឹងរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 បើកបរដោយជនជាតិខ្មែរ ឈ្មោះ មិត្ត ប៊ុន អាយុ ៤៨ ឆ្នាំ ដែលកំពុងធ្វើដំណើរក្នុងទិសដៅភ្នំពេញទៅព្រះសីហនុ។ ជាសំណាងល្អ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សស្លាប់ឬរងរបួសឡើយ ប៉ុន្តែរថយន្តរងការខូចខាតស្ទើរទាំងស្រុងនិងរបាំងពុះចែកទ្រូងផ្លូវបាក់ជាច្រើនម៉ែត្រផងដែរ។
ក្នុងរយៈពេល ៣ ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនចំនួន ៦ ករណី (មិនមានករណីស្លាប់ទេ) តិចជាងឆ្នាំ២០២៣ ចំនួន ១ ករណី។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់អ្នកបើកបរលើផ្លូវល្បឿនលឿនគ្រប់រូបឱ្យមានស្មារតីប្រុងប្រយ័ត្ន គោរពការបញ្ជាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមើលផ្ទាំង LED ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានជូនដំណឹងជាសារដាស់តឿននិងព័ត៌មានផ្សេងៗ៕
评论被关闭。