ដំរីព្រៃ ១ ក្បាលទម្ងន់ប្រមាណ ៣ តោនដេកស្លាប់ក្នុងរណ្តៅ នៅខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ដំរីព្រៃឬដំរីអាស៊ីឈ្មោល ១ ក្បាលដែលមានអាយុប្រហែល ៣០ ឆ្នាំ និងមានទម្ងន់ប្រមាណ ៣ តោន ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែកដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែងស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សកម្មភាពស្រង់សពដំរីព្រៃដែលដេកស្លាប់ក្នុងរណ្តៅមានទឹកក្នុងខេត្តមណ្ឌលគិរី
បើតាមលោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា សពដំរីនេះត្រូវបានមន្រ្តីជំនាញសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋានស្រង់ពីរណ្តៅរួចហើយកាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ មន្ត្រីជំនាញនៃការិយាល័យសង្គ្រោះនិងព្យាបាលសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារនិងសួនភូតគាមភ្នំតាម៉ៅ និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរីនឹងធ្វើកោសលវិច័្ចយលើសពដំរី ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់ដំរីមួយក្បាលនេះ។
ជាជំហានដំបូង ក្រុមការងារជំនាញនៅទីតាំងបានសន្និដ្ឋានថា ដំរីនេះប្រហែលជាប់ផុងរយៈពេល ១ ថ្ងៃទៅ ២ ថ្ងៃមុននឹងត្រូវបានអ្នកស្រុកប្រទះឃើញស្លាប់និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី ១០ ទៅ ២០ ក្បាល ធ្លាប់បានបង្ហាញខ្លួននៅតំបន់នេះម្តងមកហើយកាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយបានចាត់ទុកការស្លាប់របស់ដំរី ១ ក្បាលនេះថាជាការបាត់បង់ធនធានធម្មជាតិដ៏មានសារៈសំខាន់មួយ។
លោកបានឱ្យដឹងថា ហ្វូងដំរីព្រៃឬដំរីអាស៊ីនៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរីបានបង្ហាញខ្លួនជាញឹកញាប់និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ នេះបានបញ្ជាក់ថាពួកវាកំពុងរស់នៅយ៉ាងសុខសាន្តនិងបង្កើតកូនចៅជាបន្តបន្ទាប់ ក្រោមការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរនៅតាមប្រព័ន្ធការពារធម្មជាតិ។ លោកក៏បានជំរុញឱ្យមានការចូលរួមក្នុងការអភិរក្សសត្វដំរីឱ្យបានល្អនិងបង្កើនជម្រកបៃតងសម្រាប់ការរស់នៅដោយសុខសាន្តរបស់ជីវៈចម្រុះ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ដំរីព្រៃឬដំរីអាស៊ីគឺជាប្រភេទសត្វងាយរងគ្រោះនិងជិតផុតពូជនៅលើសកលលោក ជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
បច្ចុប្បន្ននេះ ដំរីនៅអាស៊ីមានប្រមាណពី ៤ ម៉ឺនទៅ ៥ ម៉ឺនក្បាលដែលកំពុងរស់នៅក្នុងព្រៃ ក្នុងនោះដំរីប្រហែល៧៥%រស់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃរបស់មន្រ្តីជំនាញក្រសួងបរិស្ថានសហការជាមួយដៃគូនាពេលកន្លងមកបានបង្ហាញថា ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ ក្បាលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញនិងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និង មានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរីនិងសត្វព្រៃផ្សេងៗទៀត៕
评论被关闭。