ត្រឹមដើមខែតុលា សមាជិកបេឡាជាតិសន្តិសុខ សង្គមកើនឡើងជាង ២,៥ លាននាក់
គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២ ៥៤៣ ៨៧០ នាក់ (ស្រី ១ ៤១៣ ០១១ នាក់)។ នេះបើយោងតាមលោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក កត្តា អ៊ន បានឱ្យដឹងថា ក្នុងចំណោមសមាជិកសរុបជាង ២,៥ លាននាក់នេះ មានបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៥៨១ ៩៨៨ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៣៦២ ៣៥៥ នាក់ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១៦ ៩៥០ នាក់។
លោកបានបញ្ជាក់លម្អិតថា ចំនួនសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករ-និយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤នេះ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្តនិងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍របស់ ប.ស.ស.។
លោកបានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង ទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្តទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook Telegram YouTube TikTok និងតាមរយៈអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុលផងដែរ។
បន្ថែមពីនេះ ប.ស.ស. ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស ដូចជាការព្យាបាលនិងថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈនិងឯកជន ក្នុងនោះដែរ បើសិនជាបើកុមារជួបគ្រោះថ្នាក់និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕
评论被关闭。