ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ចាប់ផ្តើម នៅថ្ងៃនេះ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមហើយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះហើយ ដោយមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៣ ម៉ឺននាក់ បើទោះបីជាមានបញ្ហាអាកាសធាតុនិងមណ្ឌលប្រឡងខ្លះមានទឹកជំនន់ដោយអន្លើក្តី។

លោក ហង់ជួន ណារ៉ុន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះដំណើរការប្រឡងនាព្រឹកថ្ងៃនេះ បើទោះបីជាមានបញ្ហាអាកាសធាតុនិងមានមណ្ឌលប្រឡងខ្លះត្រូវបានលិចទឹកដោយអន្លើក្ដី ក៏ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ ហើយការចាប់ផ្តើមប្រឡងនៅទូទាំងប្រទេសបានប្រព្រឹត្តទៅដោយរលូន។

លោកបានបង្ហើបឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាលិចទឹក ក្រសួងនឹងបង្ខិតសម័យប្រឡងបាក់ឌុបនេះនៅខែសីហាវិញ ដែលមិនមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការលេចទឹកទេ ដោយសារខែនេះទើបចាប់ផ្តើមរដូវភ្លៀងនិងដើម្បីឱ្យអ្នកប្រឡងមានឱកាសដាក់ពាក្យទៅរៀននៅបរទេសឬទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ព្រោះនៅប្រទេសគេបើកបវេសនកាលនៅខែកញ្ញា។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់បន្ថែមថា ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះមិនខុសគ្នាពីការប្រឡងនាឆ្នាំកន្លងទៅនោះទេ គឺត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះគឺជាប់»។

លោក ហង់ជួន ណារ៉ុន ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

សម្រាប់ឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្របាក់ឌុបមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ដោយមានបេក្ខជន​​ដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៤ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥ នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

សកម្មភាពត្រួតពិនិត្យបេក្ខជនប្រឡងមុនចូលមណ្ឌលប្រឡង

គួររម្លឹកថា កាលពីឆ្នាំ២០២៣ អ្នក​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន​ ៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩% ក្នុងចំណោម​បេក្ខជន​ប្រឡងសរុប ១៣៧ ៤១២ នាក់។ ក្នុងនោះ សិស្ស​ដែល​ទទួលបាននិទ្ទេស A មានចំនួន ​១ ៦៧៣ នាក់ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ​១៨ ៣០៨ នាក់ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និង និទ្ទេស E ចំនួន ​៣៧ ២៦៩ នាក់៕

你可能还喜欢

评论被关闭。