រយៈពេល ៨ ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ជាង ៤ លាននាក់
ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ជាង៤,២ លាននាក់ ការវិលត្រឡប់របស់ទេសចរបរទេសសម្រេចបានប្រមាណជាង៩៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
លោក តុប សុភ័ក្រ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការងើបឡើងវិញនៃវិស័យទេសចរណ៍មានភាពខុសៗគ្នាតាមគោលដៅតំបន់នីមួយៗ ដូចជា តំបន់អេកូទេសចរណ៍នៅភូមិភាគឦសាន តំបន់បេតិកភណ្ឌនៅខេត្តសៀមរាប និង តំបន់មាត់សមុទ្រ តែនិយាយជារួមក្នុងក្របខណ្ឌទូទាំងប្រទេស ការវិលត្រឡប់មកវិញនៃទេសចរបរទេសសម្រេចបានប្រមាណ៩៧% បើធៀបរយៈពេល ៨ ខែដូចគ្នានៅឆ្នាំ២០២៣។ បើតាមការព្យាករណ៍ កម្ពុជាអាចទទួលបានទេសចរបរទេសក្នុងរង្វង់ ៦ លាននាក់នៅឆ្នាំ២០២៤។
គួររម្លឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរបរទេសប្រមាណ ៦,៦ លាននាក់ ដែលនេះជាកំណត់ត្រាខ្ពស់បំផុតក្នុងវិស័យទេសចរណ៍កម្ពុជា។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង ធ្វើឱ្យទេសចរបរទេសដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាបានថយចុះមកត្រឹមប្រមាណ ១,១ លាននាក់នៅឆ្នាំ២០២០ ឆ្នាំ២០២១មានត្រឹម ១៩ ម៉ឺននាក់ ឆ្នាំ២០២២កើនឡើងដល់ ២,២ លាននាក់ និង ឆ្នាំ២០២៣ កើនដល់ ៥,៤ លាននាក់។ មន្រ្តីក្រសួងទេសចរណ៍បានអះអាងថា នៅឆ្នាំ២០២៥ ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជានឹងវិលត្រឡប់ទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ-១៩៕
评论被关闭。