កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានវាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ
ការលើកឡើងបែបនេះគឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវនាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
លោក សនសៃ ស៊ីផាន់ដន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកតំបន់និងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជានិងឡាវបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ ការពារជាតិនិងសន្ដិសុខ ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល អប់រំ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ។
ជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និង ភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់និងភាពធន់នៅក្នុងតំបន់និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ននិងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
តាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចធិបតីនឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាននិងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) លើកទី២។ ក្រៅពីកិច្ចប្រជុំខាងលើ សម្ដេចធិបតីគ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោកមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងទទួលជំនួបសម្តែងការគួរសមដោយអង្គការ / ស្ថាប័នមួយចំនួន។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕
评论被关闭。