ខ្ចីងាយ តែហានិភ័យខ្ពស់! ធនាគារជាតិអំពាវនាវពលរដ្ឋ កុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគួរជ្រើសរើសការខ្ចីប្រាក់តាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីអាជ្ញាធរ កុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការដែលអាចនាំឱ្យខាតបង់ប្រាក់ឥតប្រយោជន៍និងប្រឈមនឹងហានិភ័យខ្ពស់។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
លោកស្រី ជា សិរី បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នៅសណ្ឋាគារហាយ៉ាត រាជធានីភ្នំពេញ។
លោកស្រីបានមានប្រសាសន៍ថា ថ្មីៗនេះមានការសន្យាថាដាក់លុយជាមួយគេទទួលបានការប្រាក់ខ្ពស់ ដូចជាតាមតិកតុក គ្រុបតេឡេក្រាម ហ្វេសប៊ុក ឥណទានដែលមិនមានទីតាំងច្បាស់លាស់ពិសេសឥណទានបិទតាមដើមឈើដែលជាឥណទានក្រៅផ្លូវការ ដូចដាក់ ៣០០ ដុល្លារអាម៉េរិកទទួលបានការប្រាក់រហូតដល់ ១ ៨០០ ដុល្លារក្នុងរយៈពេល ២៤ ម៉ោង។ ៥០០ ដុល្លារទទួលបានការប្រាក់ ៣ ៥០០ ដុល្លារបន្ទាប់ពី ២៤ ម៉ោងដូចគ្នា ដោយមានកញ្ចប់វីអាយភី (VIP) នៅខែធ្នូខាងមុខនេះ។ បើសិនជាទទួលបានកាប្រាក់ច្រើនបែបនេះ មិនចាំបាច់ទៅធ្វើការនិងរកស៊ីអ្វីទេ គ្រាន់តែយកលុយទៅដាក់ទៅទទួលបានប្រាក់ហើយ។
លោកស្រីបានបន្តថា ការខ្ចីប្រាក់ពីប្រព័ន្ធក្រៅផ្លូវការបែបនេះមានភាពងាយស្រួល ដោយខ្ចីភ្លាមគេទម្លាក់លុយឱ្យភ្លាម ប៉ុន្តែពេលមានបញ្ហាជួយអត់បាន នេះហើយជាបញ្ហា បើទោះបីឱ្យធនាគារជាតិជួយ ក៏មិនដឹងជួយតាមវិធីណា ព្រោះមិនដឹងទៅរកនៅឯណា។ ដូច្នេះ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះក្នុងរយៈពេលនេះមានជនឆ្លៀតឱកាសច្រើននៅពេលដែលគាត់ទៅខ្ចីធនាគារអត់បាន គាត់ងាកទៅខ្ចីក្រៅប្រព័ន្ធវិញ។ សូមយល់ថា ធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុកាលណាគេមិនឱ្យយើងខ្ចី នោះគឺដោយសារគេមើលឃើញថាយើងមិនមានលទ្ធភាពសងត្រឡប់វិញទេ។
ការខ្ចីឥណទានតាមប្រព័ន្ធក្រៅផ្លូវការ ខ្ចីងាយតែប្រឈមនឹងហានិភ័យខ្ពស់
លោកស្រី ជា សិរី បានបញ្ជាក់បន្ថែមថា អ្នកផ្តល់កម្ចីស្របច្បាប់មិនយកអត្តសញ្ញាណបណ្ណឬបណ្ណក្រីក្រ ឬ សំបុត្រកំណើតកូន សៀវភៅគ្រួសារយើង ធ្វើជាវត្ថុបញ្ចាំដូចពួកអ្នកកម្ចីក្រៅប្រព័ន្ធនោះទេ។ ធនាគារជាតិបានហាមមិនឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារយកវត្ថុទាំងនេះជាវត្ថុប្រចាំឡើយ។
លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋថា គួរខ្ចីប្រាក់តាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវនិងស្របច្បាប់ពីធនាគារជាតិកម្ពុជា ដោយយើងមានបង្ហោះនូវបញ្ជីឈ្មោះធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណ ហើយយើងតម្រូវឱ្យសាខាធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះដាក់ផ្លាកអាជ្ញាបណ្ណ ហើយបើសិនជាបងប្អូនចូលទៅអត់ឃើញអាជ្ញាបណ្ណទេ មានន័យថាមិនត្រឹមត្រូវទេ ហើយបើមិនច្បាស់ទេអាចសាកសួរមកកាន់ធនាគារជាតិតាមរយៈលេខទូរសព្ទដែលបានដាក់នៅក្នុងផេកធនាគារជាតិនិងតាមសមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕
评论被关闭。