កម្ពុជានិងថៃឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែខ្លាំងក្លា

នាយករដ្ឋមន្ត្រី​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​ថៃ​បានឯកភាព គ្នា​ក្នុងការ​ពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ ដើម្បីជាប្រយោជន៍ក្នុងការជំរុញការអភិវឌ្ឍ​ទំនាក់ទំនង​និងសេដ្ឋកិច្ចកម្ពុជា-ថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា​

ការឯកភាព​ក្នុងការពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះធ្វើឡើងតាមរយៈជំនួប​ទ្វេភាគី​រវាង​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​និងលោកស្រី​ ផេថងថាន ស៊ីណាវ៉ាត់ត្រា​ នាយករដ្ឋមន្ត្រីថៃ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាស​នៃការចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅ​រដ្ឋធានីវៀងចន្ទន៍​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។

នាយករដ្ឋមន្ត្រី​កម្ពុជានិងថៃបានកត់សម្គាល់​ដោយក្តីរីករាយ​នូវភាពរីកចម្រើន​ថែមទៀត​នៃទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ និងបានវាយតម្លៃ​ខ្ពស់ចំពោះ​វឌ្ឍនភាព​នៃទំនាក់ទំនងកម្ពុជា-ថៃ​ដែលត្រូវបាន​ដំឡើង​ដល់កម្រិត​ភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសគឺបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នៅប្រទេសថៃ​កាលពីខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី​ទាំងពីរ​បានពិភាក្សា​អំពីការបន្ត​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែលក្នុងនោះរួមមាន៖ ការចាប់ផ្ដើមឡើងវិញ​នូវកិច្ចប្រជុំ​យន្តការ​ទ្វេភាគី​មួយចំនួន ការសិក្សា​អំពី​លទ្ធភាព​នៃការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បំពេញគ្នា​ទៅវិញទៅមក ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និង សន្តិសុខជាដើម។

ថ្នាក់ដឹកនាំ​ទាំងពីរ​បានឯកភាព​បន្តពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ដោយប្រគល់ជូន​ក្រសួងការបរទេស​នៃប្រទេសទាំងពីរក្នុងការ​សម្របសម្រួល​កិច្ចពិភាក្សា​បន្ត​ពាក់ព័ន្ធ​នឹងប្រធានបទ​ខាងលើ ព្រមទាំង​រៀបចំ​ឱ្យមានសកម្មភាព​មួយចំនួនដើម្បី​អបអរសាទរ​ខួបលើកទី ៧៥ នៃទំនាក់ទំនង​ការទូត​កម្ពុជា-ថៃនាឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា​ ក៏បានថ្លែងអំណរគុណ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​ដែលបានផ្ញើលិខិត​អបអរ​មុនគេបង្អស់​ក្នុងពេលដែល​លោកស្រី​ត្រូវបាន​តែងតាំងជានាយករដ្ឋមន្ត្រីថៃ៕

你可能还喜欢

评论被关闭。