សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ IMF បង្ហាញជំហរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ខេនជី អូកាមូរ៉ា (Kenji Okamura) អនុប្រធាន​គ្រប់គ្រង​នៃមូល​និធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញ​ជំហរ​រួមគ្នា​ក្នុងការ​បន្ត​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា និងបាន​កំណត់​ក្របខណ្ឌ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​សម្រាប់​ពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោក ខេនជី អូកាមូរ៉ា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ

ការប្ដេជ្ញា​នេះធ្វើឡើង​ក្នុងពេលដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាត​ឱ្យលោក ខេនជី អូកាមូរ៉ា និងគណៈប្រតិភូ​ចូលជួបសម្ដែងការគួរសម​និងពិភាក្សាការងារ​ក្នុងឱកាសនៃការចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

លោក ខេនជី អូកាមូរ៉ា បានលើកឡើង​នូវចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​ទៅនឹងស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា និង ការពង្រឹង​ភាពជាដៃគូ​ដ៏ល្អ​រវាង​កម្ពុជានិង IMF សម្រាប់ពេលអនាគត។

លោកក៏បានគូសបញ្ជាក់ថា កម្ពុជាបានធានា​នូវភាពជាដៃគូ​ដ៏ល្អជាមួយនឹង IMF ជាពិសេស​ក្នុងមុខងារ​នៃការឃ្លាំមើល (Surveillance function) ការកំណត់នូវអនុសាសន៍​គោលនយោបាយ និង ការចូលរួមក្នុងការជំរុញ​ឱ្យស្ថានភាព​សេដ្ឋកិច្ច​និងប្រព័ន្ធធនាគារ​របស់​កម្ពុជា​កាន់តែមានភាពល្អប្រសើរ​និងកាន់តែរឹងមាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែ បានវាយតម្លៃខ្ពស់​ចំពោះ IMF ដែលបានរួមចំណែក​ក្នុងការផ្ដល់ជំនួយបច្ចេកទេស ការបណ្ដុះបណ្ដាល​និងការកសាង​សមត្ថភាព​ដល់មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុងវិស័យសេដ្ឋកិច្ច សារពើពន្ធ ហិរញ្ញវត្ថុ និង វិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់​ក្នុងការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច ប្រែក្លាយ​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជាពីប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​ទៅប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ និងធានា​បាននូវស្ថិរភាព​ផ្នែកធនាគារ​និងហិរញ្ញវត្ថុ​ដែលជាសសៃ​ឈាម​ដ៏សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា និង ពង្រឹងការរៀបចំ​ទិន្នន័យនិងបង្កើត​ប្រព័ន្ធទិន្នន័យ​នៅវិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួងផែនការ ដែលមានសារៈសំខាន់​នៅក្នុងការ​កំណត់​ក្របខណ្ឌ​គោលនយោបាយ​និងយុទ្ធសាស្ត្រ​ប្រកបដោយភាពច្បាស់លាស់​និងឈានទៅរក​ការសម្រេចបាននូវ​ចក្ខុវិស័យ​រយៈពេលវែង​របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និងជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្រ្តខាងលើប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

你可能还喜欢

评论被关闭。